ទីផ្សារដោះដូររដូវរងា សម្រាប់ឆ្នាំ ២០២២ គឺកៀកនឹងឈានចូលមកដល់ហើយ ពោលនៅសល់តែរយៈពេលជាង ៣ សប្តាហ៍ទៀតប៉ុណ្ណោះ។ គេជឿថាសារនេះ ការចរចានឹងកើតមានភាពមមាញឹកខ្លាំង ខុសពីឆ្នាំមុន ព្រោះហាក់មានក្លឹបជាច្រើន ដែលបង្ហាញតម្រុយវិជ្ជមានក្នុងការចង់បានកីឡាករចូលក្លឹប ក៏ដូចជាបោះបង់ភាពអត់ធ្មត់ ក្នុងការបន្តរក្សាជើងកីឡាករមួយចំនួន។
ងាកមកក្នុងអត្ថបទនេះ ទំព័រ CTS Sports សូមច្របាច់បញ្ចូលគ្នា នូវចចាមអារ៉ាមគួរឲ្យចាប់អារម្មណ៍ ២ មកចែកជូនបងប្អូនអ្នកស្នេហាវិស័យបាល់ទាត់៖
១) Barcelona ចង់បាន Ferran Torres ពី Man City
ខ្សែប្រយុទ្ធស្លាបវ័យ ២១ ឆ្នាំ សញ្ជាតិអេស្ប៉ាញ នៅរដូវកាលថ្មី ក្រោមការដឹកនាំរបស់លោក Pep Guardiola គេមិនសូវទទួលបានឱកាសបង្ហាញខ្លួនលើទីលាននោះទេ ហេតុផលហ្នឹងហើយទើបជំរុញចិត្តក្លឹប Barcelona ឲ្យចង់ចូលចរចា ក្រោយពេលដែលក្លឹបខ្លួនក៏កំពុងខ្សត់កីឡាករលេងតំណែងប្រយុទ្ធផង។
Ferran Torres សេសសល់សុពលភាពកុងត្រាដល់ចុងខែមិថុនា ឆ្នាំ ២០២៥ ឯណោះ ដូច្នេះហាងឆេងតម្លៃខ្លួនរបស់គេ ក៏ខ្ពស់អាចកល់ដល់ខ្ទង់ ៥០ លានអឺរ៉ូ។ ជាហេតុនាំឲ្យ Barcelona នឹងពុំមានលទ្ធភាពក្នុងការចំណាយនោះឡើយ ដូច្នេះក្លឹប ក៏រើសយកផ្លូវចរចាលើលក្ខខណ្ឌដោះដូរកីឡាករស្មើ ហើយកន្លងទៅបានរាយឈ្មោះកីឡាករជាច្រើនរូប បញ្ជូនទៅកាន់ក្លឹប Man City ឲ្យធ្វើការជ្រើសរើស។
ឆ្លើយតបមកវិញ ពីភាគីក្លឹបអង់គ្លេស M.City ក៏ពួកគេមិនជាចង់បិទផ្លូវ ខ្សែប្រយុទ្ធខាងលើនោះដែរ ហើយក៏ព្រមដោះដូរស្មើរវាងភាគីក្លឹប Barcelona ប៉ុន្តែលុះត្រាក្លឹបអាចទទួលបានមកវិញ រវាងកីឡាករ Ansu Fati, Pedri ឬ Frenkie de Jong ទើបព្រមប្រគល់ Torres ឲ្យទៅម្ចាស់ដី Camp Nou។ នេះបើតាមសារព័ត៌មាន Daily Mirror បានចុះផ្សាយ។ ដូច្នេះយើងមានតែរង់ចាំមើលទាំងអស់គ្នា ថានឹងមានរឿងអ្វីកើតឡើងបន្តទៀត នៅខែមករាខាងមុខ?
២) Real Madrid អស់ការអត់ធ្មត់ជាមួយ Eden Hazard
ខ្សែប្រយុទ្ធបែលហ្សិក ដែលធ្លាប់តែលេចធ្លោខ្លាំងកាលនៅឈរជើងឲ្យក្លឹប Chelsea លុះផ្ទេរមកក្លឹបអេស្ប៉ាញ R.Madrid គេបែរជាធ្លាក់កូដខ្លាំង បង្ហាញទម្រង់លេងមិនបានល្អ ហើយរមែងជួបបញ្ហារបួស និងឡើងទម្ងន់រាងកាយជាបន្តបន្ទាប់។ ឈរជើងជាង ២ ឆ្នាំឲ្យស្តេចស Hazard បង្ហាញខ្លួន ៥៤ ប្រកួត រកបានតែ ៥ គ្រាប់និង Assist ៩ លើកគត់។
បើទោះបីសុពលភាពកុងត្រា ត្រូវផុតនៅចុងខែមិថុនា ឆ្នាំ ២០២៤ តែក្លឹបអាណាព្យាបាល R.Madrid ហាក់អស់ការអត់ធ្មត់ត្រឹមប៉ុណ្ណឹងហើយ ដោយសម្រេចចិត្តចង់លក់ Hazard ចេញទៅវិញ ត្រឹមខែមករាខាងមុខ។ ក្លឹបក៏ត្រៀមចិត្តហើយដែរ ក្នុងការខាតបង់ ១ ទ្វេជា ៥ នោះគឺមានន័យថា ទិញចូលជិត ១០០ លានផោន ឥឡូវព្រមលក់ទៅវិញត្រឹម ២០ លានផោនប៉ុណ្ណោះ។ នេះបើតាមសារព័ត៌មាន Sunday Mirror បានចុះផ្សាយ។
បើតាមចចាមអារ៉ាមចុងក្រោយ ក្លឹបដែលចាប់អារម្មណ៍ចង់បាន Hazard ក៏មិនមែនជាក្លឹបយក្សអ្វីនោះដែរ ផ្ទុយទៅវិញត្រឹមតែគីឡូក្លឹបមធ្យម ដូចជា Everton, West Ham និង Newcastle United ជាដើមប៉ុណ្ណោះ ដែលចង់យកកីឡាករវ័យ ៣១ ឆ្នាំចេញពី Bernabue៕
ប្រភព៖ បរទេស