ចាប់តាំងពី ណាហ្គាវើល ត្រូវបានសម្រេចថានឹងជាក្រុមជើងឯកលីគកំពូលកម្ពុជាមក មានន័យថាពួកគេនឹងត្រូវតំណាងឱ្យប្រទេសកម្ពុជាចូលរួមក្នុងការប្រកួតជម្រុះពានរង្វាន់ AFC Cup ឆ្នាំ ២០១៩ វគ្គជម្រុះដំណាក់កាលទី១។
វាមិនថ្មីនោះទេសម្រាប់ពួកគេ ក្រោយពីធ្លាប់បង្ហាញខ្លួនម្តងដែរកាលពីឆ្នាំ ២០១៧កន្លងទៅ តែកាលនោះប្រកួតក្នុងវគ្គជម្រុះបឋម (មុនចូលដំណាក់កាលទី១) ហើយណាហ្គាវើល ស្មើជាមួយ Three Star Club ១-១ និង ចាញ់ Erchim ០-១ ។
ដូចនេះសម្រាប់ឆ្នាំ ២០១៩ខាងមុខនេះ ណាហ្គាវើល នឹងដើរតួនាទីដូចទៅនឹងបឹងកេតធ្លាប់ធ្វើ ២ឆ្នាំកន្លងមក នៅដើមឆ្នាំក្រោយនេះ ដោយអាចជួបក្រុមមកពីតំបន់អាស៊ានដូចគ្នា ដណ្តើមកៅអីចូលវគ្គចែកពូល។
សមាសភាពក្រុមដែលនឹងត្រូវចូលរួមវគ្គ Qualifying Play-off ជាមួយណាហ្គាវើល មានដូចជា Lao Police Club (ឡាវ) MS ABDB (ព្រុយណេ) Boavista (ទីម័រខាងកើត) និងក្រុមពីរទៀតតំណាងឱ្យ ឥណ្ឌូនេស៊ី និង មីយ៉ាន់ម៉ា ។
ងាកមកក្នុងលីគកំពូលកម្ពុជាវិញ ណាហ្គាវើល នឹងត្រូវប្រកួតទល់នឹង អគ្គស្នងការដ្ឋាននគរបាលជាតិ ចុងសប្តាហ៍នេះ ដើម្បីបិទរដូវកាល ២១៨ និងគ្រងជើងឯកជាលើកទី៣របស់ខ្លួន ៕