ខ្សែប្រយុទ្ធ Jack Grealish បានអះអាងថានៅថ្ងៃណាមួយរូបគេនឹងត្រលប់មកលេងនៅក្លឹប Aston Villa វិញ ជាក់ជាមិនខាន។
Grealish បានចេញពី Aston Villa ទៅចូលរួមជាមួយក្រុម Manchester City ក្នុងតម្លៃខ្លួន១០០លានផោនកាលពីទីផ្សារដោះដូរកីឡាករកន្លងទៅ។ វត្ដមានរបស់គេនៅក្រុម Man City ឃើញថាមិនទាន់លេចធ្លោខ្លាំងអ្វីនោះទេ ហើយក៏មានមតិរិះគន់មួយចំនួនចេញពីអ្នកគាំទ្រផងដែរ ដោយថាតម្លៃខ្លួនគេខ្ពស់ជាងសមត្ថភាពដែលមាន។ ដោយទើបរកបាន២គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន១៥ប្រកួតមកនេះ។
មុនការប្រកួតទល់ក្រុមដើមកំណើត Aston Villa នៅយប់នេះ កីឡាករអង់គ្លេសខាងលើបានបង្ហាញចំណាប់អារម្មណ៍ថាក្លឹបមួយនេះនៅតែស្ថិតក្នុងចិត្ដរបស់គេជានិច្ច ព្រោះជាកន្លែងផ្ដល់អាជីពដល់ខ្លួន។ នៅថ្ងៃណាមួយ រូបគេនឹងត្រលប់មកតបស្នងក្លឹបវិញជាក់ជាមិនខាន ប៉ុន្តែនៅរាត្រីនេះរូបគេនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីជួយ Man City យក៣ពិន្ទុ៕ប្រភព Dailymail