CFA ណាត់​ក្រុម​បាល់ទាត់​ចំនួន ៨ ​បើកប្រកួត​ពាន​សប្បុរសធម៌ ដើម្បី​ជួយ​សង់​សាលារៀន​បន្ទាយ​ស្លឹក

ក្រុម​បាល់ទាត់ Cambodian Football All Stars ឬ​ហៅ​កាត់ CFA បាន​ប្រកាស​ ត្រៀមបើកដំណើរការនូវ​កម្មវិធី​ប្រកួត​ពាន​សប្បុរសធម៌​ថ្មី​មួយ​ទៀត​ហើយ ដោយសារ​នេះ​ ជា​ការ​ចូលរួម​ជួយ​ដល់​គម្រោង​សាងសង់​សាលារៀន​បន្ទាយ​ស្លឹក នៅ​ឯ​ខេត្ត​តាកែវ។

<<ការ​ប្រកួត​ពាន​ពាន​រង្វាន់​សប្បុរសធម៌​លើក​ទី ៥>> របស់ CFA នឹង​ចាប់ផ្តើម​ធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍​ទី ៤ ខែ​ធ្នូ ឆ្នាំ ២០២១ ខាង​មុខ​ត​ទៅ ហើយ​គម្រោង​នឹង​បញ្ចប់​ត្រឹម​កំឡុង​ខែ​មករា ឆ្នាំ ២០២២។ កម្មវិធី​សារ​នេះ CFA បាន​ណាត់​ក្រុម​បាល់ទាត់​ចំនួន ៨ ផ្សេង​ទៀត ដើម្បី​ប្រមែប្រមូល​លុយ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ព្រោះ​ខ្ទង់​ចំណាយ​លើ​គម្រោង​សាងសង់​អគារ​សិក្សា​នៃ​សាលារៀន​បន្ទាយ​ស្លឹក សម្រាប់​ក្មេងៗ​ដែល​ខ្វះខាត​និង​ត្រូវ​ការ​ចំណេះ​ដឹង គឺ​មាន​ខ្ទង់​ចំណាយ​ប្រហែល​ជាង ១ មុឺន​ដុល្លារ។

ទិដ្ឋភាពសាលារៀនបន្ទាយស្លឹក

ទិដ្ឋភាពសាលារៀនបន្ទាយស្លឹក

ជុំវិញ​ដំណើរការ​ប្រកួត គឺ​មាន​បែងចែក​ជា ២ ពូល ដោយ​ក្នុង​មួយ​ពូល មាន ៥ ក្រុម ហើយ​ពួក​គេ​ត្រូវ​ឆ្លង​កាត់​ការ​លេង​តតាំង​គ្នា ដើម្បី​ចម្រាញ់​យក ២ ក្រុម​ល្អ​បំផុត ឆ្ពោះ​ទៅ​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ឬ ៤ ក្រុម​ចុង​ក្រោយ មុន​សម្រេច​យក​ក្រុម​ល្អ​ឯក​ប្រចាំ​ព្រឹត្តិការណ៍។

បញ្ជី​រាយ​នាម​ក្រុម​នៃ​ពូល A ​មាន​ដូច​ជា៖ Cambodian Football All Stars (A), ក្រុម​បាល់ទាត់ ឥន្រ្ទីទួលស្វាយព្រៃ, ក្រុម​បាល់ទាត់ YES Creator FC, ក្រុម​បាល់ទាត់ 7FUN7 និង​ក្រុម​បាល់ទាត់ ស៊ុប​ពពែ​ពេញ​ចិត្ត។ រី​ឯ​ពូល B មាន​ដូច​ជា៖ Cambodian Football All Stars (B), ក្រុម​បាល់ទាត់ Royal Mayura, ក្រុម​បាល់ទាត់ Pitou FC, ក្រុម​បាល់ទាត់ បុរីរ៉ាត់ FC និង​ Smiling Sniper Football Club។

គួរ​បញ្ជាក់​ថា សម្រាប់​បងប្អូន​ និង​សប្បុរសជន​នានា ដែល​ចង់​ចូលរួម​បរិច្ចាគ​ថវិកា​ជាមួយ​កម្មវិធី​ខាង​លើ អាច​ធ្វើ​ទៅ​បាន តាម​រយៈ​គណនី ABA: SORN VISNA 000507690 និង ACLEDA: SORN VISNA 0969124571 ។ សម្រាប់​ព័ត៌មាន​លម្អិត​បន្ថែម​អាច​ទាក់ទង​ដោយ​ផ្ទាល់ តាម​រយៈ​ទូរស័ព្ទ​លេខ: 0962250588៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT