មូលនិធិ​ជួយ​សង់​សាលារៀន​បន្ទាយ​ស្លឹក ទទួល​ការ​គាំទ្រ​ពេញ​ទំហឹង​ពី​ព្រះ​អង្គ ហាក់ សៀង​ហៃ និង​ CTS Sports

គម្រោង​សាងសង់​សាលារៀន​បន្ទាយ​ស្លឹក ដើម្បី​ជួយ​ដល់​ក្មេងៗ​ខ្វះខាត​ឲ្យ​ទទួល​បាន​ការ​សិក្សា​ពេញលេញ​ នៅ​រយៈ​ពេល​ចុង​ក្រោយ គេ​ឃើញ​ថា​មាន​ការ​ខ្នះខ្នែង​ចូលរួម​ជួយ​ពី​សប្បុរសជន​គ្រប់​មជ្ឈដ្ឋាន។

បញ្ជាក់​ថា សាលារៀន​បន្ទាយ​ស្លឹក ​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​បន្ទាយ​ស្លឹក ឃុំ​ជ័យជោគ ស្រុក​បូរី​ជលសា ខេត្ត​តាកែវ។ មធ្យោបាយ​ធ្វើ​ដំណើរ​ទៅ​ទី​នោះ គឺ​មាន​ការ​លំបាក ដោយសារ​ជួន​ខ្លះ​ត្រូវ​ជិះ​ទូក ព្រោះ​តំបន់​នោះ​រមែង​លិច​ទឹក ៦​ ខែ គោក​ ៦ ខែ ហើយ​សភាព​សាលារៀន​ក៏​ទ្រុឌទ្រោម រៀន​ដោយ​ពឹងផ្អែក​លើ​អាកាសធាតុ បន្ទប់​សិក្សា​តិច រាល់​ពេល​បង្រៀន គឺ​ទាមទារ​មាន​បែងចែក​វេន​ថែម​ទៀត។

ទស្សនាទិដ្ឋភាពសាលារៀនបន្ទាយស្លឹក ដែលកំពុងទ្រុឌទ្រោម៖

បើ​តាម​ការ​រៀបរាប់​ពី លោក ចន ជីវ័ន្ត ​អ្នក​អធិប្បាយ​បាល់ទាត់​លើ​ទំព័រ CTS Sports បាន​ឲ្យ​ដឹង​ថា៖ “ការ​ចូលរួម​ជួយ​សារ​នេះ ដោយ​មាន​ការ​ទទូច​ស្នើសុំ​ពី​ក្រុម​យុវជន​សកម្ម​ស្ម័គ្រ​ចិត្ត​ប្រចាំ​ភូមិ ហើយ​បែងចែក​ជា ២ គម្រោង គឺ​មួយ​ជួយ​ចែក​ជា​សម្ភារៈ​សិក្សា​ថ្នាំ​ពេទ្យ​អង្ករ និង​អាហារ ហើយ​គម្រោង​ទី ២ សាងសង់​សាលារៀន​ថ្មី ២ បន្ទប់​ទៅ​ដល់​ក្មេងៗ​ដែល​ត្រូវ​សិក្សា​ ក៏​ដោយសារ​តែ​មើល​ឃើញ​សភាព​សាលារៀន​មើល​ទៅ​ទ្រុឌទ្រោម មិន​មាន​ទាំង​បង្គន់ ​ហើយ​ថ្នាក់​រៀន​ខ្លះ​គ្មាន​ទាំង​ជញ្ជាំង​បិទ​បាំង​ថែម​ទៀត”។

ទិដ្ឋភាពសាលារៀនបន្ទាយស្លឹក

ទិដ្ឋភាពសាលារៀនបន្ទាយស្លឹក

ទិដ្ឋភាពសាលារៀនបន្ទាយស្លឹក

ជុំវិញ​គម្រោង​ការងារ​សប្បុរសធម៌​ខាង​លើ ​ក៏​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​សំណាក់​ព្រះ​បញ្ញាមុនីញាណ ហាក់ សៀងហៃ ដែល​ព្រះ​អង្គ​បាន​ចូលរួម​ជួយ​នូវ​ទឹក​ប្រាក់ ២៥០ ដុល្លារ តាម​រយៈ​ Admin ជីវ័ន្ត នៃ​ក្រុម​ការងារ CTS Sports។ សរុប​ទឹក​ប្រាក់​ដែល Admin ជីវ័ន្ត​ទទួល​បាន​គិត​ត្រឹម​ថ្ងៃ​ទី ២៧ ​វិច្ឆិកា គឺ​មាន ៧៣៩,៩៣ ដុល្លារ។

ដោយឡែក​សម្រាប់​បងប្អូន​ ឬ​សប្បុរសជន​ដែល​ចង់​ចូលរួម​ជួយ ក៏​នៅ​តែ​បន្ត​អាច​ធ្វើ​បាន រហូត​ដល់​ចុង​ខែ​ធ្នូ ឆ្នាំ ២០២១ មុន​គម្រោង​សាងសង់​លេចចេញ​ជា​រូបរាង​នៅ​កំឡុង​ខែ​មករា ឆ្នាំ ២០២២។ អ្នក​អាច​ចូលរួម​បរិច្ចាគ​តិច​ក្តី​ច្រើន​ក្តី តាម​រយៈ​គណនី​ធនាគារ​របស់ Admin ជីវ័ន្ត ដោយ​តាម​គណនី ABA៖ 000865816 និង​គណនី​អេស៊ីលីដា៖ 017276556 ។

Admin ជីវ័ន្ត

ព្រះអង្គ ហាក់ សៀងហៃ

គួរ​ឲ្យ​ដឹង​ថា កន្លង​មក​ព្រះ​អង្គ ហាក់ សៀងហៃ ដែល​ជា​នាយក​ប្រតិបត្តិ​អង្គការ​ពុទ្ធសាសនា​ ដើម្បី​អប់រំ​នៃ​កម្ពុជា​ និង​ជា​ទី​ប្រឹក្សា​ក្រុម​ប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​ពី​រាជបណ្ឌិត​សភា​កម្ពុជា​ ក៏​បាន​គាំទ្រ​យ៉ាង​ខ្លាំង​ផង​ដែរ ទៅ​លើ​យុទ្ធនាការ​របស់​ក្រុម​ការងារ CTS Sports ជុំវិញ​ការ​ជំរុញ​បងប្អូន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម ឲ្យ​ចូលរួម​សរសេរ​អក្សរ​ខ្មែរ​ឲ្យ​បាន​ត្រឹមត្រូវ និង​បញ្ចៀស​ការ​សរសេរ​អក្សរ​ឡាតាំង​សំនៀង​ខ្មែរ៕​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT