ណាហ្គាវើល ឈ្នះ បឹងកេត ចាញ់ គ្រប់គ្រាន់សម្រាប់កំណត់ថាក្រុមណាជាជើងឯកក្នុងលីគកំពូលកម្ពុជា ប្រចាំរដូវកាល ២០១៨នេះ បើទោះបីជានៅសល់មួយប្រកួតទៀតបញ្ចប់រដូវកាលក៏ដោយ។
នៅក្នុងសប្តាហ៍ទី ២១ ដែលកន្លងទៅនេះ មានរឿងសំខាន់ៗមួយចំនួនបានកើតឡើង៖
– សូលទីឡូ រកឃើញជ័យជម្នះជាថ្មីឡើងវិញ ក្រោយឱបក្រសោបដំណើរផ្លូវ មិនឈ្នះសោះ ៦ប្រកួតជាប់គ្នា។ ក្លិបរបស់អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា មួយនេះ បានបំបាក់ អគ្គិសនីកម្ពុជា ៤-០ ខណៈដែលត្រឹមសប្តាហ៍ទី ២១នេះ ឈរនៅលេខរៀងទី ១០ ពោលគឺលើតំបន់គ្រោះថ្នាក់ ២លេខប៉ុណ្ណោះ សម្រាប់រដូវកាលដំបូងរបស់ខ្លួន។
ទ័ព ជក់បរាជ័យក្នុងលីគ តែផ្តោតលើពាន Hun Sen Cup វគ្គផ្តាច់ព្រ័ត្រ។ អវត្តមានគ្រូបង្វឹក លោក ភា សុភ័ត្រ្តា បានធ្វើឱ្យក្រសួងការពារជាតិ ជួបបរាជ័យ ២ប្រកួតជាប់គ្នា និងអាចរកបានត្រឹមតែ ១ពិន្ទុក្នុង ៣ប្រកួតចុងក្រោយ យ៉ាងហោចណាស់ក៏ ក្រសួងការពារជាតិ មិនមានការបារម្មណ៍ឡើយចំពោះចំណាត់ថ្នាក់ក្នុងលីគ ព្រោះបើទោះជាចាញ់ក្នុងប្រកួតចុងក្រោយមួយទៀត ក៏ពួកគេនឹងស្ថិតនៅលេខ ៤ ដែរ ។
អ្វីដែលក្រុមទ័ពកំពុងបារម្មណ៍ និងខ្វាយខ្វល់គឺ ពានសម្តេចតេជោ ហ៊ុនសែន ដែលត្រូវជួប អគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងវគ្គផ្តាច់ព្រ័ត្រ។
– បឹងកេត ខកខានការពារជើងឯកលីគរបស់ខ្លួន ក្រោយមិនអាចយក ៣ពិន្ទុពីអង្គរថាយហ្គឺរ បានក្នុងសប្តាហ៍ទី ២១នេះ និងដាច់ ៤ពិន្ទុពីណាហ្គាវើល។
– ប្រកួត បឹងកេត ២-២ ជាមួយអង្គរថាយហ្គឺរ ជាប់ជាប្រកួតដែលមានអ្នកទស្សនាច្រើនជាងគេប្រចាំរដូវកាល និងក្នុងប្រវត្តិសាស្រ្ត ពោលគឺ ៤២៥៧នាក់ នៅកីឡដ្ឋានស្វាយធំ ខេត្តសៀមរាប ។
– ណាហ្គាវើល គ្រងជើងឯក លីគកំពូលកម្ពុជា ជាលើកដំបូងក្នុងរយៈពេល ៩ឆ្នាំចុងក្រោយនេះ ពោលគឺជាពានរង្វាន់ទី ៣ របស់ខ្លួន ។ ពួកគេបានសងសឹកសិស្សប្អូនរបស់ខ្លួន វិសាខា ២-១ បន្ទាប់ពីបរាជ័យ ៣-០ កាលពីជើងទីមួយកន្លងមក ។
– Valci Junior ស៊ុតចូលទី ៥គ្រាប់ម្នាក់ឯង ឱ្យ ភ្នំពេញក្រោនបំបាក់ វេស្ទើនភ្នំពេញ ៦-០ គឺជាស្ថិតិដូចទៅនឹង Bisan George ធ្លាប់ធ្វើកាលពីសប្តាហ៍ទី១០ ខណៈកីឡាករស៊ុតចូលទីច្រើនជាងគេក្នុងមួយប្រកួត នៅតែ Privat (៦គ្រាប់) ក្នុងសប្តាហ៍ទី៩ ។
-២គ្រាប់របស់ Bisan George បានរុញច្រានភាគរយរបស់គេ កាន់តែខ្ពស់ក្នុងការប្រជែងស្បែកជើងមាសរដូវកាលនេះ ដោយលើគូប្រជែង Privat ២គ្រាប់ ( ២៤ គ្រាប់ )៕
– លទ្ធផលសរុប និង តារាងពិន្ទុប្រចាំសប្តាហ៍ទី ២១៖