កន្លងមកយើងទទួលដំណឹងថា Paul Pogba ដែលជួបបញ្ហារបួស កំឡុងពេលហ្វឹកហាត់នៅក្រុមជម្រើសជាតិបារាំង គឺទំនងជាអវត្តមានរយៈពេល ១ ខែពោលយ៉ាងយូរដល់ដើមឆ្នាំ ២០២២ គេនឹងអាចត្រលប់មកលើទីលានជាមួយ Man Utd វិញ។
តែយ៉ាងណាតាមការបញ្ជាក់ចុងក្រោយពីលោក Ole Gunnar Solskjaer អ្នកចាត់ការក្រុមបិសាចក្រហម ក៏សង្កត់ធ្ងន់ថា ស្ថានភាពរបួសកីឡាករបារាំង គឺមិនតូចតាចទេ ជារួមអាចនឹងអូសបន្លាយដល់រយៈពេល ១២ សប្តាហ៍ ឬជាង ៣ ខែឯណោះ ដូច្នេះថាមិនត្រូវអាចចូលដល់ខែកុម្ភៈក៏ថាបាន ទើប Pogba អាចត្រលប់មកវិញ។
នេះកាន់តែធ្វើឲ្យស្ថានភាពអនាគតរបស់គេ ជាមួយក្លឹបម្ចាស់ដី Old Trafford កាន់តែវីវក់ ព្រោះអីកុងត្រាត្រូវផុតនៅបញ្ចប់រដូវកាលនេះហើយ។ បូកផ្សំនឹងរបួសញាំញីផង អ៊ីចឹងលទ្ធភាពនៃការបន្តកុងត្រាថ្មី គឺអាចមានទាប ហើយកន្លងមកសូម្បីលោក Mino Raiola ជាភ្នាក់ងារផ្ទាល់ ក៏បង្ហើបពីតម្រុយអាចចាកចេញដូចគ្នា។ ក្លឹបដែលអាចនឹងយក Pogba រួមមាន Juventus, Real Madrid ឬក៏ Paris Saint-Germain៕
ប្រភព៖ Goal