រកឃើញ៨ក្រុមឡើងវគ្គបន្តពានសម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ជាតិ

ការប្រកួតបាល់ទាត់ដណ្ដើមពាន​រង្វាន់​សម្ដេច​​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ឬពាន Hun Sen Cup លើកទី១៥ (ថ្នាក់ជាតិ) ឆ្នាំ២០២១ បានរកឃើញបេក្ខភាពឡើងវគ្គ ៨ក្រុម​ចុង​ក្រោយ​អស់​ហើយ ក្រោយីបញ្ចប់ការប្រកួតវគ្គ ១៦ក្រុម​ចុង​​​ក្រោយ នៅថ្ងៃទី១០ ខែវិច្ឆិកានេះ រួមមានក្រុមការពារតំណែងជើងឯកវិសាខា, ក្រុម​ជើង​​ឯក​រង​ឆ្នាំចាស់ណាហ្គាវើលដ៏, ភ្នំពេញក្រោន, ព្រះខ័នរាជស្វាយរៀង, បឹងកេត, អង្គរថាយហ្គឺរ, អាស៊ីអឺរ៉ុប និងអគ្គិសនីកម្ពុជា។

ចំពោះលទ្ធផលប្រកួតវគ្គ ១៦ក្រុមចុងក្រោយចំនួន ៤គូកាលពី​ថ្ងៃ​ទី០៩​-​វិច្ឆិកា គឺមានក្រុមវិសាខា បានយកឈ្នះខេត្តបន្ទាយមានជ័យ ៨-០ នៅ​កី​ឡ​ដ្ឋានព្រីនស៍ ។ ក្រុមភ្នំពេញក្រោន យកឈ្នះខេត្ដត្បូងឃ្មុំ ៧-០ នៅ​កីឡ​ដ្ឋាន Smart RSN ។ ក្រុមព្រះខ័នរាជស្វាយរៀង យក​ឈ្នះ​ក្រុម​ជើង​ឯក​ពាន​ថ្នាក់ខេត្ត កោះកុងអេហ្វស៊ី ៦-១ នៅកីឡដ្ឋានខេត្តស្វាយរៀង ។ រីឯ​ក្រុម​ណា​ហ្គាវើលដ៏ បានទម្លាក់ក្រុមនគរបាលជាតិ ដោយបាល់​ប៉េ​ណាល់​ទីកាត់សេចក្ដី ៤-២ បន្ទាប់ពីប្រកួត ៩០នាទីស្មើគ្នា ១-១។

ដោយឡែកលទ្ធផល ៤គូផ្សេងទៀត នៅល្ងាចថ្ងៃពុធនេះ រួមមាន​ក្រុម​នាគ​ខៀវ​បឹងកេត បានទម្លាក់ក្រុមសូលទីឡូអង្គរ ដោយលទ្ធផល ៤-០ នៅ​កីឡដ្ឋានខេមបូឌាអ៊ែរវ៉េ ។ ក្រុមអង្គរថាយហ្គឺរ បានសងសឹក​ខេត្ត​ព្រៃវែង​បានវិញ ក្នុងលទ្ធផល ២-០ នៅកីឡដ្ឋាន SRU ខេត្តសៀមរាប ។ ក្រុម​អគ្គិសនីកម្ពុជា បានយកឈ្នះក្រុមម្ចាស់​ផ្ទះកងយោធពល​ខេម​រ​ភូមិន្ទ ដោយលទ្ធផល ៤-០ នៅកីឡដ្ឋានស្ដាតចាស់ និងក្រុមអាស៊ីអឺរ៉ុប បាន​ទម្លាក់ក្រុមម្ចាស់ផ្ទះគិរីវង់ ដោយលទ្ធផល ៣-២ នៅកីឡដ្ឋានគិរីវង់។

ចំពោះកម្មវិធីប្រកួតវគ្គ ៨ក្រុមចុងក្រោយ មានដូចជា៖ ក្រុមវិសាខា ត្រូវជួបក្រុមអាស៊ីអឺរ៉ុប ខណៈក្រុមណាហ្គាវើលដ៏ ត្រូវជួបក្រុមបឹងកេត ។ ក្រុមអង្គរថាយហ្គឺរ ជួបក្រុមព្រះខ័នរាជស្វាយរៀង និងក្រុមអគ្គិសនីកម្ពុជា ជួបក្រុមភ្នំពេញក្រោន ។ ការប្រកួតនេះ នឹងប្រើរូបមន្ដចាញ់ធ្លាក់ ដូចវគ្គ ១៦ក្រុមចុងក្រោយដែរ ដោយក្រុមឈ្នះ នឹងទទួលបានកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខណៈការប្រកួតគ្រោងធ្វើឡើងតែ ១ថ្ងៃប៉ុណ្ណោះ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT