នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ម្សិលមិញនេះ ក្រុមក្រសួងការពារជាតិ បានត្រូវក្រុមភ្ញៀវ ព្រះខ័នរាជស្វាយរៀង យកឈ្នះ ១ ទល់នឹង ០ ខណៈដែលលទ្ធផលបរាជ័យនេះ បង្ហាញឱ្យឃើញថា ពួកគេធ្វើមិនបានល្អទាល់តែសោះក្រោយគ្រូបង្វឹកខ្លួនអវត្តមានរហូតចប់រដូវកាលនេះ។
ក្រសួងការពារជាតិ ដែលកាន់កំណត់ត្រាមិនបរាជ័យយូរបំផុតបន្ទាប់ពីបឹងកេតនោះ បានប្រកួតស្មើជាមួយវិសាខា ២-២ ក្នុងសប្តាហ៍ទី ១៩ ចាញ់ណាហ្គាវើល ២-០ សប្តាហ៍ទី ២០ មុនមកចាញ់ព្រះខ័នរាជស្វាយរៀងកាលពីយប់មិញនេះ។
យ៉ាងណាមិញ ពួកគេមិនមានឱកាសប្រជែងពានរង្វាន់នោះឡើយ ខណៈដែលស្ថិតនៅលេខរៀងទី ៤ នឹងមិនមានអ្វីជាការព្រួយបារម្មណ៍ឡើយសម្រាប់ក្រសួងការពារជាតិ បើទោះបីជាឈ្នះឬចាញ់ ប្រកួតនៅសេសសល់ក្នុងលីគ។
ផ្ទុយទៅវិញ ក្រសួងការពារជាតិ នៅមានរឿងសំខាន់មួយដែលត្រូវធ្វើ គឺត្រៀមខ្លួនប្រកួតវគ្គផ្តាច់ព្រ័ត្រ Hun Sen Cup ដែលពួកគេត្រូវជួប អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី ៦ ខែ តុលា ខាងមុខនេះ ៕