ភាគច្រើននៃការប្រកួតក្របខណ្ឌ Metfone Cambodian League 2021 ខ្សែបម្រើ សួន សុវណ្ណ ត្រូវបានគ្រូបង្គោលព្រះខ័នរាជស្វាយរៀង តម្រូវឲ្យជួយរ៉ាប់រងតំបន់ការពារកណ្ដាលជាមួយប្រធានក្រុម សឿយ វិសាល។
ដោយសារតែមិនធ្លាប់មានបទពិសោធពីតួនាទីជាខ្សែការពារពីមុន អតីតកីឡាករវេស្ទើនភ្នំពេញទទូចថា ពិតជាមានភាពតឹងតែង និងត្រូវចំណាយពេល៣ទៅ៤ប្រកួត ទើបអាចសម្របខ្លួនបានល្អ។
សួន សុវណ្ណ រៀបរាប់ពីការប្រឈមក្នុងនាមជាខ្សែការពារ “៖ ប៉ុន្មានប្រកួតដំបូង លេងបម្រើធម្មតាទេ តែក្រោយមកចុះទៅជួយការពារ។ ពិបាកដែរ ប្រហែល ៣ទៅ៤ប្រកួត បានអាចសម្របខ្លួនបាន។ លេងរ៉ូលហ្នឹងមាន សម្ពាធ ខ្លះដែរពេលប៉ះខ្សែប្រយុទ្ធគេល្អៗ និង ខ្សែ ប្រយុទ្ធ គេខ្ពស់ៗ ព្រោះ បេីសិនជាផុតយេីង គឺនៅសល់តែអ្នកចាំទី។ មួយ ទៀតកាយសម្បទា យេីងក៏មិនសូវបាន ប៉ុន្ដែ យ៉ាងណាខ្ញុំនៅតែប្រឹងប្រែងកែប្រែនៅចំណុដែលខ្វះខាត និងព្យាយាមយល់ពីតួនាទីការពារនេះឲ្យកាន់តែល្អជាងមុន។”
សួន សុវណ្ណ បានចូលរួមជាមួយព្រះខ័នរាជស្វាយរៀង ក្នុងរដូវកាល ២០១៨ ដែលឆ្នាំដំបូងរបស់គ្រូបង្គោល Conor Nestor និងមិនសូវបាត់មុខពីជម្រើស១១នាក់ដំបូងទេ។ គេបានរួមចំណែកឈ្នះជើងឯក Metfone Cambodian League នៅរដូវកាលបន្ទាប់។
ដើមរដូវកាល២០២១ ព្រះខ័នរាជស្វាយរៀង បាននាំចូលខ្សែការពារកណ្ដាលជនជាតិអៀរឡង់ខាងត្បូង Paddy Barrett មកជំនួសកន្លែងខ្សែការពារអាមេរិក Jonny Campbell ដែលទៅចូលរួមជាមួយក្លិបហ្វីលីពីន United City FC។ ផ្ទុយទៅវិញ Barrett បានចាកចេញវិញទាំងមិនទាន់ចាប់ផ្ដើមការប្រកួតនៅលីគកំពូលកម្ពុជា៕
អត្ថបទ៖ CNCC