ការប្រកួតបាល់ទាត់នៅលីគកំពូលអឺរ៉ុប បន្ទាប់ពីបានផ្អាកអស់រយៈពេលជាងពីរសប្តាហ៍ ទីបំផុតគ្រប់យ៉ាងក៏ត្រលប់មកដូចដើមវិញហើយ មិនថាតែការប្រកួតពានរង្វាន់អឺរ៉ុប និងពានប្រចាំលីគកំពូលនៅតាមប្រទេសនីមួយៗ។
សម្រាប់សប្តាហ៍ថ្មី រាប់ចាប់ពីយប់នេះតទៅ រហូតដល់ចុងសប្តាហ៍ ពោលគឺ ១ អាទិត្យពេញ ដែលនឹងមានការប្រកួតគូពិសេសរៀងរាល់ថ្ងៃ ហើយអ្វីដែលមិនអាចរំលងបាននោះ គឺនៅ Super Sunday ដែលយើងជឿថា នឹងមានអ្នកគាំទ្រ មកទស្សនាបាក់ទឹកបាក់ដី លើទំព័រ CTS Sport ជាក់ជាមិនខាន។ ខាងក្រោម យើងធ្វើការសង្ខេបកាលបរិច្ឆេទ ១០ គូដែលអ្នកមិនគួររំលង ហើយផ្ញើទៅស្រីៗបើមានសង្សារជាអ្នកគាំទ្របាល់ទាត់ មួយសប្ដាហ៍ពេញនេះ គឺសុំដាច់យប់ច្រើនហើយ៖
Club Brugge ប៉ះ Man City នៅវេលាម៉ោង ១១:៤៥ នាទីយប់ ថ្ងៃអង្ការ ទី ១៩ តុលា ជាប្រកួតនៅ UCL
Atletico Madrid ប៉ះ Liverpool នៅវេលាម៉ោង ០២:០០ នាទីទាបភ្លឺ ថ្ងៃពុធ ទី ២០ តុលា ជាប្រកួតនៅ UCL
Barcelona ប៉ះ Dynamo Kyiv នៅវេលាម៉ោង ១១:៤៥ នាទីយប់ ថ្ងៃពុធទី ២០ តុលា ជាប្រកួតនៅ UCL
Man Utd ប៉ះ Atalanta នៅវេលាម៉ោង ០២:០០ នាទីទាបភ្លឺ ថ្ងៃព្រហស្បតិ៍ ទី ២១ តុលា ជាប្រកួតនៅ UCL
Lazio ប៉ះ Marseille នៅវេលាម៉ោង ១១:៤៥ នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី ២១ តុលា ជាប្រកួតនៅ UEL
Chelsea ប៉ះ Norwich City នៅវេលាម៉ោង ០៦:៣០ នាទីល្ងាច ថ្ងៃសៅរ៍ ទី ២៣ តុលា ជាប្រកួតនៅ PL
Barcelona ប៉ះ Real Madrid នៅវេលាម៉ោង ០៩:១៥ នាទីយប់ ថ្ងៃអាទិត្យទី ២៤ តុលា ជាប្រកួតនៅ La Liga
Man Utd ប៉ះ Liverpool នៅវេលាម៉ោង ១០:៣០ នាទីយប់ ថ្ងៃអាទិត្យ ទី ២៤ តុលា ជាប្រកួតនៅ PL
Inter Milan ប៉ះ Juventus នៅវេលាម៉ោង ០១:៤៥ នាទីទាបភ្លឺ ថ្ងៃចន្ទ ទី ២៥ តុលា ជាប្រកួតនៅ Serie A
Marseille ប៉ះ PSG នៅវេលាម៉ោង ០១:៤៥ នាទីទាបភ្លឺ ថ្ងៃចន្ទ ទី ២៥ តុលា ជាប្រកួតនៅ Ligue 1
ដោយឡែកក្នុងចំណោមគូពិសេសទាំងអស់ខាងលើ យើងសូមធ្វើការច្បិចលើកមកបង្ហាញត្រួសៗ ពីរឿងរ៉ាវគួរឲ្យចាប់អារម្មណ៍នៃជំនួប ៣ ដែលអ្នកគាំទ្រគួរតែដឹង៖
១) Barcelona ប៉ះ Dynamo Kyiv នៅ UCL
មូលហេតុដែលយើងលើកយកគូនេះមកនិយាយ ក៏ដោយសារតែគ្រប់គ្នា កំពុងចង់ឃើញទម្រង់លេងរបស់ Barcelona នៅជុំទី ៣ ថាពួកគេនៅបន្តបរាជ័យឬបែបណា។ ២ ជុំដំបូង អ្នកមានបុណ្យមិនទាន់យកបាន សូម្បី ១ ពិន្ទុហើយ ឥឡូវកំពុងឈរនៅបាតតារាង ដែលមានន័យថា ប្រសិនជុំទី ៣ នេះចាញ់ទៀត នោះពួកគេប្រឈមខ្ពស់ អាចនឹងត្រូវធ្លាក់ចេញពីការប្រកួត UCL ត្រឹមវគ្គ ៣២ ក្រុម។
វាមានការពាក់ព័ន្ធទៅនឹងកញ្ចប់ចំណាយប្រចាំឆ្នាំរបស់ Barcelona ព្រោះអីគោលដៅក្រុមនៅរដូវកាល ២០២១/២២ យ៉ាងហោចណាស់ពួកគេរំពឹងនឹងអាចឆ្លងដល់វគ្គ ៨ ក្រុម ព្រោះដើម្បីចង់បានប្រាក់រង្វាន់មួយផ្នែកពី UEFA។ ដូច្នេះបើធ្លាក់ត្រឹមវគ្គ ៣២ ក្រុម នោះក៏មានន័យថា Barcelona ត្រូវបាត់បង់ឱកាសកើបចំណូល ១៧ លានអឺរ៉ូពីប្រាក់រង្វាន់របស់ UEFA ដែលជាទំហំប្រាក់ ល្មមឲ្យពួកគេចាយវាយបាននៅទីផ្សារដោះដូររដូវរងា។
២) Barcelona ប៉ះ Real Madrid
នេះជាជំនួប El Clasico លើកទី ២៨០ ដែលក្រុមទាំងពីរប៉ះគ្នា ខណៈស្ថិតិកន្លងមក Real Madrid ឈ្នះ ១០២ លើក Barcelona ឈ្នះ ១១៥ លើក ស្មើ ៦២ លើក។ ប្រកួតលើកចុងក្រោយដែល El Clasico ពុំមានវត្តមាន Cristiano Ronaldo និង Lionel Messi គឺនៅថ្ងៃទី ២៣ ធ្នូ ឆ្នាំ ២០០៧ ដែលសារនោះ Real យកឈ្នះ ១-០ ហើយឥឡូវវាក៏បានវិលមកដល់ពេលវេលានេះសារជាថ្មី។ អ៊ីចឹងយើងនឹងរង់ចាំមើលទាំងអស់គ្នា លើទំព័រ CTS Sport ថា លទ្ធផលនឹងទៅជាបែបណាដែរ?
៣) Man Utd ប៉ះ Liverpool
សង្គ្រាមក្រហមលើវាលស្មៅ នៅទឹកដី Old Trafford នឹងកើតឡើងនៅយប់ថ្ងៃអាទិត្យខាងមុខនេះ ហើយយើងកំពុងតែមានការសង្ស័យថា ម្ចាស់ដី អាចនឹងបរាជ័យច្រើនជាងការទទួលបានជ័យជម្នះ បើមើលតាមទម្រង់លេងប៉ុន្មានប្រកួតចុងក្រោយ។
គិតត្រឹមជុំទី ៨ Man Utd ឈរលេខរៀងទី ៦ ខណៈដែល Liverpool ឈរលេខរៀងទី ២ មានគម្លាត ៤ ពិន្ទុ។ លើកចុងក្រោយដែលក្រុមទាំងពីរប៉ះគ្នា គឺ Man Utd ចាញ់ ២-៤ កាលពីខែឧសភា រដូវកាលមុន។ ចុះសារនេះវិញ តើអ្នកគិតថា ជ័យជម្នះនឹងបានទៅលើក្រុមណាមួយ?