មុនឈានដល់ការប្រកួតទល់ក្លឹប Leicester City នៅពេលខាងមុខ លោក Ole Gunnar Solskjaer បានបង្ហាញការយល់ឃើញថា អំពីអនាគតរបស់ Jesse Lingard ថា គេនឹងបន្តនៅ ដោយព្រមបន្តកុងត្រាថ្មី ជាជាងជ្រើសយកផ្លូវបែកនៅពេលខាងមុខ។
សុពលភាពកុងត្រារបស់កីឡាករអង់គ្លេសត្រូវផុតនៅបញ្ចប់រដូវកាល ពោលគឺថ្ងៃទី ៣០ មិថុនា ឆ្នាំ ២០២២ តែយ៉ាងណាក្រោយ Cristiano Ronaldo មកដល់ គ្រប់គ្នាសុទ្ធតែមើលឃើញដូចៗគ្នាថា Lingard គេហាក់រីករាយនឹងការលេងជាងមុន ជាពិសេសសឹងតែដូចជាមិត្តរួមក្រុមដ៏ជំនិតរបស់ Ronaldo ទៅហើយ។
រីឯការយល់ឃើញរបស់អ្នកចាត់ការលោក Ole ឯណោះ បានលើកឡើង៖ “Jesse គេបានចាប់ផ្តើមរដូវកាលដ៏ល្អមួយ គេរកបានគ្រាប់បាល់ ដែលរាប់បានថាពិតជាសំខាន់សម្រាប់ពួកយើង គេដឹងច្បាស់ថាយើងចង់បានអ្វី យើងចង់បន្តកុងត្រាថ្មីសម្រាប់គេ យើងចង់បន្តឃើញគេបន្តជាចំណែកសំខាន់របស់ក្រុមតទៅទៀត”។
លោកបន្ត៖ “វាស៊ីសងលើការសម្រេចរបស់គេ ដោយវាក៏អាចពាក់ព័ន្ធនឹងខ្ញុំ ការដែលអាចផ្តល់ពេលវេលាឲ្យគេលេងលើទីលានច្រើនបន្ថែមទៀត តែយ៉ាងណាគេសក្តិសមនឹងទទួលបានពិតមែន”៕
ប្រភព៖ AF