អតីតខ្សែការពារជម្រើសជាតិកម្ពុជា សុខ សុវណ្ណ បញ្ជាក់ថា គេអាចចូលរួមជួយក្រុមជម្រើសខេត្តបាត់ដំបងក្នុងការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត សាជាថ្មីទៀតបាន បន្ទាប់ពីពានរង្វាន់ធំនេះដំណើរការឡើងវិញ។កីឡាករធ្លាប់លេងនៅភ្នំពេញក្រោន, បឹងកេត និងវិសាខា ប្រាប់ថា សប្បាយចិត្តយ៉ាងខ្លាំង និងបានព្យាយាមថែរក្សាកាយសម្បទាយ៉ាងល្អកន្លងមក តែក៏ទទួល ស្គាល់ពីការប៉ះពាល់កម្លាំងខ្លះដែរ។
សុខ សុវណ្ណ រៀបរាប់ “៖និយាយទៅ សប្បាយចិត្តបានចូលរួមជួយក្រុមប្រកួតឡើងវិញ ណាមួយបានប្រកួតទឹកដីកណ្ដាលនៅភ្នំពេញផង មិនពិបាកឡើងចុះ ព្រោះយើងនៅភ្នំពេញស្រាប់។ កីឡាករក្មេងៗនៅបាត់ដំបងក៏សប្បាយចិត្តដែរដែលខ្ញុំបានជួយក្រុមវិញ ព្រោះគេចង់ឲ្យខ្ញុំបានលេងដែរ។ ប៉ុន្មានខែមកនេះ អត់បានហាត់អីខ្លាំងទេ បានតែហាត់ខ្លួនឯង។ បើនិយាយពីសមត្ថភាពវិញអត់ធ្លាក់ចុះអីប៉ុន្មានទេ បញ្ហាគ្រាន់តែកម្លាំងប៉ុណ្ណឹង។”
គួរដឹងដែរថា សុខ សុវណ្ណ បានចូលរួមជួយ ស.ស.យ.ក ខេត្តបាត់ដំបង ដែលតំណាងខេត្តបាត់ដំបង ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ក្នុងរដូវកាល ២០២១ នេះ និងបានបង្ហាញខ្លួន៣ប្រកួតក្នុងវគ្គចែកពូល មុនផ្អាកជាបណ្ដោះអាសន្នដើម្បីទប់ស្កាត់កូវីដ១៩។ ក្រៅពី សុខ សុវណ្ណ កីឡាករមានមូលដ្ឋាននៅរាជធានីភ្នំពេញ២រូបទៀតក៏បានចូលរួមជួយបាត់ដំបងដូចគ្នា។
គួរដឹងដែរថា ក្នុងការប្រកួតសាជាថ្មីនេះ បាត់ដំបងត្រូវប៉ះក្រុមខេត្តកណ្ដាល នៅថ្ងៃសៅរ៍ ទី១៦ ខែតុលា នាទីលាន 7NG៕



