លោក ហៅ សុជាតិ និយាយអំពី អង្គរថាយហ្គឺរ និង ភ្នំពេញក្រោន

ជាគូប្រកួតរបស់ខ្លួនក្នុងដំណើរឆ្ពោះទៅបញ្ចប់រដូវកាល ២០១៨ នៃលីគកំពូលកម្ពុជា អង្គរថាយហ្គឺរ និង ភ្នំពេញក្រោន គឺជាឧបសគ្គដ៏ធំមួយរបស់បឹងកេត ក្នុងការការពារពានរង្វាន់លីគរបស់ខ្លួន។

លោក ហៅ សុជាតិ គ្រូបង្វឹករបស់ក្លិបបឹងកេត បានបង្ហាញទស្សនៈថា៖ « អង្គរថាយហ្គឺរ យើងគិតថាគាត់ជាក្រុមធម្មតាមែន តែឆន្ទៈ និងទឹកចិត្តកីឡាករខ្ពស់ ហើយការបង្ហាញទម្រង់លេងប៉ុន្មានប្រកួតកន្លងទៅនេះ គឺល្អមែនទែន ហើយគួបផ្សំនឹងការលេងនៅទីលានខេត្តសៀមរាបទៀត គឺពិបាកមែនសម្រាប់យើង » ។

« ចំពោះភ្នំពេញក្រោនវិញ យើងឃើញស្រាប់ហើយ បឹងកេត ជាមួយ ភ្នំពេញក្រោន គឺពិបាកក្នុងការយកជ័យជម្នះណាស់ សឹងតែគ្រប់ប្រកួតហើយ » គ្រូបង្វឹកដដែលរូបនេះបន្ថែម​ ។

តាមកាលវិភាគ បឹងកេត នឹងត្រូវជួបអង្គរថាយហ្គឺរ នៅកីឡដ្ឋានខេត្តសៀមរាប ថ្ងៃទី ២៣ ខែ កញ្ញា ខាងមុខ ខណៈនឹងជួបភ្នំពេញក្រោន នៅថ្ងៃទី ៣០ ចុងខែកញ្ញានេះ។ បច្ចុប្បន្នពួកគេមានគម្លាតពីណាហ្គាវើលត្រឹមតែ ២ពិន្ទុប៉ុណ្ណោះ ដោយឈរនៅលេខ ២ ។

គួរឱ្យដឹងថា សម្រាប់លោក ហៅ សុជាតិ ដែលក្លាយជាគ្រូបង្គោលរបស់បឹងកេត កាលពីរដូវកាល ២០១៧កន្លងទៅនោះ បានជួយឱ្យក្លិបមួយនេះ ឈ្នះជើងឯក ជាលើកទី ៣ ក្នុងប្រវត្តិសាស្រ្តរបស់ក្លិប ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT