ខ្សែប្រយុទ្ធ Kylian Mbappe ពិតជាចង់ចាកចេញពីក្រុម PSG នៅរដូវក្ដៅកន្លងទៅមែន ដោយរូបគេចង់ចូលរួមជាមួយក្រុម Real Madrid របស់អេស្ប៉ាញ។
នៅជិតចប់រដូវកាលដោះដូរកីឡាករកន្លងទៅ ក្រុម Real Madrid បានព្យាយាមមែនទែនក្នុងការតាមទិញខ្សែប្រយុទ្ធ Mbappe ដោយបានផ្ដល់តម្លៃខ្លួនដល់ទៅ១៥០លានអឺរ៉ូឯណោះ។ តែយ៉ាងណា ក្រុម PSG មិនព្រមលក់ក្នុងតម្លៃនេះទេ ពួកគេទាមទារដល់ទៅជាង២០០លានអឺរ៉ូ។ ដោយសារតែតម្លៃខ្ពស់ខ្លាំងពេកនេះហើយ ទើបបានជាក្រុម Real Madrid មិនអាចទិញយកបាន។
បើតាមសម្ដីរបស់កីឡាករបារាំងវិញ បាននិយាយថា៖ “ប្រសិនបើខ្ញុំចាកចេញកាលពីរដូវក្ដៅនេះ វាគួរតែជាក្រុម Real Madrid តែមួយគត់។ ខ្ញុំបានគិតថាដំណើរផ្សងព្រេងរបស់ខ្ញុំនៅទីនេះចប់ហើយ។ ខ្ញុំចង់បានអ្វីដែលថ្មី។ ខ្ញុំនៅទីនេះ៦ឆ្នាំឬ៧ឆ្នាំ។ ខ្ញុំបានផ្ដល់គ្រប់យ៉ាងឱ្យ PSG។ នេះជាអ្វីដែលខ្ញុំបានគិត ការចាកចេញគឺជាជំហ៊ានបន្ទាប់”៕ ប្រភព៖ MARCA