មុនបើកការប្រកួតរវាងក្លឹប Juventus និង Chelsea រាត្រីនេះ ខាងប្រធានក្រុម ក្លឹបសេះបង្កង់គឺកីឡាករ Giorgio Chiellini បានបង្ហាញការយល់ឃើញថា មិត្តរួមជម្រើសជាតិ Jorginho ពិតជាសក្ដិសមនឹងឈ្នះពានរង្វាន់ Ballon d’Or ប្រចាំឆ្នាំ ២០២១។
បញ្ជាក់ថា Jorginho នៅឆ្នាំ ២០២០ នេះ គេទទួលបានជោគជ័យយ៉ាងក្រាស់ក្រែល តាមរយៈការជួយជម្រើសជាតិអ៊ីតាលីលើកពាន Euro 2020 ហើយជួយក្រុមតោខៀវ Chelsea លើកពាន Champions League ខណៈពានឯកត្តជន UEFA Men’s Player of the Year ក៏ធ្លាក់ទៅដល់ដៃរបស់គេផងដែរ។
Chiellini និយាយកន្លងទៅថា៖ “ខ្ញុំសង្ឃឹមថា Jorginho នឹងឈ្នះ [Ballon d’Or] គេជាមិត្តល្អរបស់ខ្ញុំ ដោយដើមឡើយ ខ្ញុំក៏តែងតែគិតថាគេជាកីឡាករល្អម្នាក់ លុះក្រោយឆ្លងកាត់ការហ្វឹកហាត់រួមគ្នាប៉ុន្មានសារមក ខ្ញុំកាន់តែយល់ច្បាស់ថា Jorginho គេល្អខ្លាំងណាស់ គេជាកីឡាករកំពូលមួយរូប”។
លោកបន្ត៖ “គេមានបច្ចេកទេសពោរពេញដោយគុណភាព អ្នកខ្លះគេថា Jorginho បានតែលេងក្រោមការដឹកនាំរបស់ Sarri តែសម្រាប់ខ្ញុំគឺគ្រប់ទីកន្លែង គេតែងតែសក្តិសមជាអ្នកជាប់ជម្រើសដំបូង ហើយខ្ញុំពិតជាសង្ឃឹមថា គេនឹងឈ្នះ Ballon d’Or”៕
ប្រភព៖ AF