លោក Van Bommel គ្រូបង្វឹករបស់ក្រុម PSV រំពឹងកីឡាកររបស់ខ្លួន មិនឈ្លោះគ្នារឿងសុំដូរអាវជាមួយខ្សែប្រយុទ្ធ Lionel Messi នៅយប់នេះទៅចុះ។
ក្រុម PSV នឹងទៅលេងនៅទឹកដី FC Barcelona ក្នុងការបើកឆាកពានរង្វាន់ UEFA Champions League នៅយប់នេះ។ ក្នុងសន្និសីទកាសែតមុនការប្រកួត លោក Bommel គ្រូបង្វឹករបស់ PSV បាននិយាយថាកូនរបស់ខ្លួនត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតសំខាន់មួយនេះ។ លេងនៅទឹកដីអេស្ប៉ាញ មិនមែនជារឿងងាយស្រួលទេ ដូច្នេះកូនក្រុមទាំងអស់នឹងប្រុងប្រយ័ត្នបំផុត។
រឿងមួយដែលអតីតកីឡាករជម្រើសជាតិហុល្លង់ខាងលើបារម្ភគឺ កីឡាកររបស់ខ្លួនតែម្ដង។ លោករំពឹងថាពួកគេមិនឈ្លោះគ្នាក្នុងការដណ្ដើមយកអាវរបស់ Messi ទៅចុះ នៅចប់តង់ទី១។ លោក ដឹងច្បាស់ថាកីឡាកររបស់ខ្លួន នឹងធ្វើការដូរអាវជាមួយកីឡាករលេខ១០របស់ក្រុមអ្នកមានបុណ្យនេះ ទើបសុំឱ្យពួកគេកុំប្រជែងគ្នាក្នុងការទៅដូរអាវនោះ។
សូមបញ្ជាក់ថា Barcelona និង PSV បើករដូវកាលនេះ ពិតជាបានល្អដូចគ្នា ដោយមិនទាន់ស្គាល់ពាក្យថាចាញ់នោះទេ៕ប្រភព៖ SMH