ខ្សែប្រយុទ្ធ Alexandre Lacazette នឹងត្រូវផុតកុងត្រានៅចុងខែមិថុនា ឆ្នាំ ២០២២ ខាងមុខ ហើយតាមតម្រុយពេលចុងក្រោយ ខាងភាគីកីឡាករនិងក្លឹប Arsenal ផ្ទាល់គឺគ្មានបំណងចង់បន្តកុងត្រាថ្មីនោះទេ បន្ទាប់ពីកីឡាករក៏ខ្សត់ពេលវេលាលេង ជាងមុនផងដែរ។
យ៉ាងណាបើតាមការចុះផ្សាយរបស់ le10 Sport បានឲ្យដឹងថា អតីតកីឡាករក្លឹប Lyon ទំនងជានឹងសម្រេចការផ្ទេរនៅរដូវក្តៅខាងមុខ ទៅចូលរួមជាមួយក្លឹប Atletico Madrid ក្រោមការដឹកនាំរបស់លោក Diego Simone វិញ។
ការផ្ទេរនេះ Lacazette អាចដើរចេញដោយឥតតម្លៃខ្លួន ហើយខាង Atletico ក៏បើកភ្លើងខៀវចាំទទួលយកគេហើយដែរ។ យ៉ាងណាបើបន្ទាន់ខ្លាំង ការចរចាអាចនឹងសម្រេចបាននៅ ខែមករា ហើយកីឡាករនឹងបញ្ចប់កុងត្រាមុនកាលកំណត់ ប្រសិនព្រមព្រៀងរវាងភាគីទាំងសងខាង។
រំឭកថា Lacazette គេបានចាយពេល ៤ រដូវកាល ដោយលេងមិនសូវបានជាប់លាប់ឡើយតាំងពីដើមមក។ ជារួមបង្ហាញខ្លួន ១២៨ ប្រកួត គេរកបាន ៥០ គ្រាប់រាប់តាំងពីឆ្នាំ ២០១៧៕
ប្រភព៖ le10Sport