ក្លឹបមេឃខៀវ Man City ត្រូវបានគេរាយការណ៍ថា នឹងអវត្តមានខ្សែការពារសំខាន់មួយគូនៅតំបន់ជួរក្រោមគឺ John Stones និង Aymeric Laporte រយៈពេលខ្ទង់ ២ សប្តាហ៍ ដែលនេះនឹងក្លាយជារឿងឈឺក្បាលបំផុតមួយសម្រាប់អ្នកចាត់ការលោក Pep Guardiola។
បើថាប៉ះប្រកួតធម្មតាមិនអីទេ តែទៅមើល ៣ ប្រកួតខាងមុខរបស់ City សុទ្ធតែត្រូវប៉ះគីឡូធ្ងន់ តួយ៉ាងគឺចុងសប្តាហ៍ ត្រូវជួបក្រុមខ្លាំង Chelsea មុនហោះទៅជួប PSG នៅពាក់កណ្តាលសប្តាហ៍ក្រោយ ហើយចុងសប្តាហ៍ក្រោយមួយទៀតនោះគឺត្រូវជួប Liverpool ដែលកំឡុងពេលជាង ១០ ថ្ងៃ ក្រុមមេឃខៀវ នឹងមិនអាចប្រើប្រាស់វត្តមានកីឡាករទាំង ២ ខាងលើបាន។ នេះបើតាមសារព័ត៌មាន The Telegraph បានចុះផ្សាយ។
ការអវត្តមានកីឡាករសំខាន់ខាងលើ នឹងត្រូវបង្ខំឲ្យលោក Pep ប្រើប្រាស់ Nathan Ake ក៏ដូចជា Ruben Dias មកជំនួសវិញ ហើយបើពួកគេមានបញ្ហាអ្វីបន្ថែមទៀតនោះ វានឹងកាន់តែជារឿងឈឺក្បាល ព្រោះអាចនឹងត្រូវជ្រេកីឡាករលេងតំណែងផ្សេង មកជួយការពារជំនួសក្នុងរយៈពេលខ្លី។
បញ្ជាក់ថា បច្ចុប្បន្នក្រុមម្ចាស់ដី Etihad ឈរនៅចំណាត់ថ្នាក់ទី ៥ ក្រោយ ៥ ប្រកួត ឈ្នះ ៣ ស្មើ ១ ចាញ់ ១ មាន ១០ ពិន្ទុ ចាញ់ក្រុមកំពូលតារាង Chelsea, Liverpool, Man Utd ចំនួន ៣ ពិន្ទុបណ្តោះអាសន្ន៕
ប្រភព៖ The Telegraph