អតីតខ្សែប្រយុទ្ធនៅក្លឹប Aston Villa គឺលោក Gabby Agbonlahor បានបង្ហាញកាយល់ឃើញថា តារាឆ្នើមរបស់ក្លឹបហង្សក្រហម Liverpool គឺ Mohamed Salah នឹងក្លាយជា Lionel Messi ឬ Cristiano Ronaldo នៅយុគសម័យកាលថ្មី។
បច្ចុប្បន្ន Salah កំពុងស្ទាបស្ទង់មើលស្ថានភាពលើការបន្តកុងត្រាថ្មី ខណៈដែលគុណភាពរបស់គេ នៅតែបង្ហាញមកថា ស្ថិតនៅកម្រិតដ៏ខ្ពស់មួយដដែល ហើយក៏ជាចំណែកជួយក្រុមលោក Jurgen Klopp នាំមុខពិន្ទុឈរកំពូលតារាង PL សព្វថ្ងៃផងដែរ។
តាមការយល់ឃើញរបស់ជើងចាស់ខាងលើនិយាយ៖ “សម្រាប់ Mo Salah កុងត្រា ៤ ឆ្នាំគឺល្អឥតខ្ចោះហើយសម្រាប់គេ និយាយស្មោះត្រង់ទៅ ទោះឲ្យកុងត្រាគេ ៥ ឆ្នាំ សម្រាប់ Salah ក៏មិនជាបញ្ហាអ្វីដែរ ព្រោះបុរសវ័យ ៣០ ឆ្នាំរូបនេះ គេអាចលេងដល់អាយុ ៣៥ ឬ ៣៦ ឯណោះ ពោលជា Messi និង Ronaldo បន្ទាប់”។
លោកបន្ថែម៖ “ដ្បិតបើគេទម្លាក់ល្បឿនបន្តិច ក៏គេនៅតែជាកីឡាករកំពូល ហើយសម្រាប់ Liverpool បើគ្មាន Mo Salah នោះក្រុមនឹងមិនអាចយកបានសូម្បីតែតំណែង Top 4 នៅ PL”៕
ប្រភព៖ Sportskeeda