Barcelona នឹងត្រូវលេងទល់ក្លឹប Cadiz នៅយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃសុក្រទី ២៤ កញ្ញា ហើយរំលងតែ ២ ថ្ងៃពួកគេត្រូវលេងទល់ក្លឹប Levante មួយសារទៀត ពោលជាកាលវិភាគដ៏ស្មុគស្មាញសម្រាប់ក្លឹប។
យ៉ាងណាប្រព័ន្ធប្រយុទ្ធដែលជាកង្វល់របស់ក្រុមនៅពេលចុងក្រោយ ទំនងជានឹងត្រូវបំពេញដោយវត្តមាន Ansu Fati ក្រោយពីខកខានការប្រកួតដល់ទៅ ៥០ ពេលរងរបួសធ្ងន់ធ្ងរកាលពីខែខែសីហា ឆ្នាំ ២០២០។
ប៉ុន្តែជំនួបទល់ Cadiz គេអាចនឹងរៀបចំខ្លួនមិនទាន់រួចរាល់ទេ ពោលដល់ប្រកួតទល់ Levante នៅថ្ងៃអាទិត្យ ទើបអាចជាមានវត្តមានកីឡាករអេស្ប៉ាញមកជួយក្រុមវិញ។ នេះបើតាមសារព័ត៌មាន Sport បានចុះផ្សាយ។
តាមការឲ្យដឹង ខ្សែប្រយុទ្ធពាក់អាវលេខ ១០ គេបានត្រលប់មកហ្វឹកហាត់ជាមួយក្លឹបនៅដើមសប្តាហ៍នេះហើយ តែលោក Ronald Koeman មិនទាន់ចង់ប្រថុយដាក់ឲ្យគេលេងភ្លាមនៅព្រឹកថ្ងៃសុក្រ រហូតដល់ការប្រកួតនៅ Camp Nou នាថ្ងៃអាទិត្យទើបមានភាគរយច្រើន៕
ប្រភព៖ Football-Espana