ក្លឹប Inter Milan ត្រូវបានគេរាយការណ៍ថា កំពុងត្រៀមបើកផ្លូវឲ្យខ្សែប្រយុទ្ធ Alexis Sanchez ចាកចេញហើយ ដ្បិតបើគេនៅសេសសល់សុពលភាពកុងត្រាដល់ចុងខែមិថុនា ឆ្នាំ ២០២៣ ដែលមានពេល ២ ឆ្នាំទៀត។
នោះក៏ដោយសារអតីតម្ចាស់អាវលេខ ៧ នៅក្លឹប Man Utd បានបន្តជួបបញ្ហារបួសញឹកញាប់ នាំឲ្យគេខកខានការប្រកួតជាច្រើនសម្រាប់ក្លឹបការពារជើងឯក Serie A។ សរុបស្ថិតិជាមួយ Inter ផ្ទេរមកជាង ២ ឆ្នាំហើយ គេឈរជើងបានមិនដល់ ៣ ០០០ នាទីផង ខណៈកីឡាករសកម្មជាមធ្យមចាយពេលលើស ៣ ០០០ នាទីទៅហើយ/រដូវកាល។
បើតាមសារព័ត៌មាន InterLive បានឲ្យដឹងថា ក្លឹបកំពុងរៀបចំអនុញ្ញាតឲ្យ Sanchez ចាកចេញនៅរដូវរងាខាងមុខហើយ ខណៈមានក្លឹបធំ ២ អាចនឹងចាប់អារម្មណ៍លើកីឡាករឈីលី រួមមាន Sevilla និង Real Betis។
គួរបញ្ជាក់ថា បុរសវ័យ ៣២ ឆ្នាំ ចាប់តាំងពីផ្ទេរចេញពី Arsenal ទម្រង់លេងរបស់គេហាក់ធ្លាក់ជើងខ្លាំង និងជួបរបួសញឹកញាប់ ប្រហែលនឹងវាសនារបស់ Eden Hazard ក្រោយដើរចេញពី Chelsea ដែរ៕
ប្រភព៖ InterLive