ការអាប់ដែតចំណាត់ថ្នាក់ FIFA Ranking សម្រាប់ខែកញ្ញានេះ យើងឃើញថានៅចំណាត់ថ្នាក់ Top 10 បានមានការប្រែប្រួលនៅឈ្មោះក្រុមមួយចំនួនដែរ ជាពិសេសអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺក្រុមតោកំណាចអង់គ្លេស។
ក្រុមបែលហ្សិកនិងប្រេស៊ីល បន្តឈរលេខ ១/២ ដដែល តែអង់គ្លេសបានទាញបារាំង ហើយរំកិលមកលេខ ៣ ក្រោយឈរជើងឯករងនៅ Euro 2020 រីឯក្រុមម្ចាស់ជើងឯក World Cup 2018 បានធ្លាក់ទៅលេខ ៤។
អ៊ីតាលីជាក្រុមម្ចាស់ជើងឯក Euro 2020 និងអាហ្សង់ទីនម្ចាស់ជើងឯក Copa America 2021 បានបន្តឈរលេខ ៥/៦ ខណៈព័រទុយហ្គាល់ឡើងមកលេខ ៧ ហើយអេស្ប៉ាញធ្លាក់ទៅលេខ ៨ ស្របពេលដែលម៊ិកស៊ីកូនៅឈរលេខ ៩ ដដែល។ ចុងក្រោយដាណឺម៉ាកបានលត់មកឈរនៅលេខ ១០ ខណៈកាលពីខែចាស់ពួកគេឈរនៅលេខរៀងទី ១១។
ដោយឡែកមកមើលនៅតំបន់អាស៊ានរបស់យើងឯណេះវិញ កម្ពុជាបានរំកិលឡើងមួយលេខ មកឈរនៅលេខរៀងទី ១៧៨ រីឯហ្វីលីពីនឡើងមកឈរនៅលេខ ១២៥ ហើយថៃធ្លាក់មកលេខ ១២២ ស្របពេលវៀតណាមក៏បានធ្លាក់មួយលេខមកឈរនៅលេខ ៩៥ ផងដែរ៕
ប្រភព៖ FIFA