នៅវេលាម៉ោង ២០:០០ នាទីយប់ ថ្ងៃអាទិត្យទី ១៩ កញ្ញា ក្លឹបម្ចាស់ផ្ទះ West Ham នឹងត្រូវបើកកីឡដ្ឋានទទួលក្រុមភ្ញៀវ Man United ដែលជាប្រកួតជុំទី ៥ នៅក្របខ័ណ្ឌ Premier League។
មុនឈានដល់ការប្រកួត យើងបានទទួលដំណឹងច្បាស់ការហើយ តាមរយៈការបញ្ជាក់ពីលោក Ole Gunnar Solskjaer ជាអ្នកចាត់ការ ថាខ្សែប្រយុទ្ធ Edinson Cavani នឹងនៅតែមិនទាន់អាចមកចូលរួមដដែល។ កីឡាករអ៊ុយរុយហ្គាយ នឹងមកហ្វឹកហាត់នៅថ្ងៃចន្ទសប្តាហ៍ក្រោយ ហើយទំនងដល់ប្រកួតពាក់កណ្តាលសប្តាហ៍នៅ EFL Cup ទើបគេបានត្រលប់មកចូលរួមជាធម្មតា។
គួរបញ្ជាក់ថា Cavani ដែលសេសសល់សុពលភាពកុងត្រាត្រឹមចុងខែមិថុនា ឆ្នាំក្រោយ គេបានខកខានមកចូលរួមជាមួយ United តាំងពីចុងខែសីហា ពោលប្រកួតចុងក្រោយគឺទល់ Wolves ដែលគេចូលលេងក្នុងនាមជាកីឡាករបម្រុង។ នៅរដូវកាលនេះគេមិនទាន់រកបានគ្រាប់បាល់នោះទេ ហើយតំណែងរបស់គេលើទីលាន ទំនងជានឹងកាន់តែខ្សត់ ក្រោយការមកដល់របស់ Cristiano Ronaldo៕
ប្រភព៖ Sportskeeda