បន្ទាប់ពីឆ្លងកាត់ប្រកួតទី ១០០០ ក្នុងអាជីពជាអ្នកចាត់ការ សម្រាប់លោក Jose Mourinho ក៏បានបន្តបេសកកម្មយ៉ាងល្អ នៅពានរង្វាន់ UEFA Europa Conference League ដោយកាលពីយប់មិញ បានយកឈ្នះ ៥-១ ទៅលើ CSKA Sofia។
កីឡាកររបស់ Roma ចែកគ្នាស៊ុតម្នាក់មួយគ្រាប់ មាន El Shaarawy, Mancini និង Abraham ខណៈ Pellegrini រកបាន ២ គ្រាប់ម្នាក់ឯង។ ជាមួយការយកបាន ៣ ពិន្ទុ អមនឹងលទ្ធផលដ៏អស្ចារ្យ សម្រាប់ Pellegrini បានរៀបរាប់អារម្មណ៍រំភើបមិនដាច់ពីមាត់ ក្រោមការដឹកនាំរបស់គ្រូថ្មីលោក Jose Mourinho។
ប្រាប់សារព័ត៌មាន Sky Sport Italia កីឡាករខាងលើនិយាយ៖ “នេះទើបតែជាចំណុចចាប់ផ្តើម តែនៅក្លឹប AS Roma ឆ្នាំនេះ វាហាក់ដូចមានអ្វីពិសេសប្លែក ដោយជាអារម្មណ៍ខ្ញុំមិនធ្លាប់មានពីមុនមកទេ ចាប់តាំងពី Mourinho មកដឹកនាំ ដោយយើងនឹងបន្តបែបនេះ ដើម្បីពង្រឹងបន្ថែមទៀត ប្រសិនយើងចង់ឈ្នះអ្វីមួយ”។
គួរបញ្ជាក់ថា Roma នៅរដូវកាលថ្មី ២០២១/២២ លេងមិនទាន់ស្គាល់ពាក្យថា ចាញ់នោះទេ ទាំងការប្រកួតក្នុងលីគប្រចាំផ្ទៃប្រទេស និងនៅពានរង្វាន់អឺរ៉ុប ហើយបច្ចុប្បន្នកំពុងឈរកំពូលតារាង Serie A ថែមទៀតផង៕
ប្រភព៖ SkySports