អនាគតរបស់កីឡាករវ័យក្មេង Kylian Mbappe ពិបាកនឹងថាបានណាស់ នៅពេលខាងមុខនេះ ដោយសាមីខ្លួនក៏មិនទាន់បង្ហើបតម្រុយច្បាស់លាស់នោះដែរថា នឹងចាកចេញហើយផ្ទេរទៅក្លឹបថ្មី ឬបន្តនៅជាមួយក្លឹបអាណាព្យាបាលបច្ចុប្បន្ន ខណៈដែលសុពលភាពកុងត្រាសេសសល់តែរយៈពេល ១០ ខែទៀត។
ពាក់ព័ន្ធបញ្ហានេះ លោក Leonardo ដែលជានាយកចាត់ការផ្នែកកីឡានៅក្លឹប PSG នៅតែបង្ហាញគោលជំហររឹងមាំថា កុងត្រាថ្មីរវាងភាគីកីឡាករវ័យ ២២ ឆ្នាំនៅតែសង្ឃឹមខ្ពស់អាចនឹងកើតឡើងទៅបាន។
Leonardo ប្រាប់បែបនេះថា៖ “ខ្ញុំមើលមិនឃើញនោះទេថា Mbappe នឹងចាកចេញនៅចុងរដូវកាលនេះ ដោយគ្មាននរណាគិតនោះទេអំពីអនាគតរបស់ក្លឹប Paris Saint-Germain ដោយគ្មាន Kylian”។
គួរបញ្ជាក់ថា Mbappe បានចាយពេលនៅ PSG រយៈពេលជាង ៤ ឆ្នាំ ជាមួយតម្លៃផ្ទេរ ១៤៥ លានអឺរ៉ូ។ សរុបស្ថិតិជារួម គេបង្ហាញខ្លួនសរុប ១៧៦ ប្រកួត រកបាន ១៣៦ គ្រាប់និង Assist ៦៣ លើក តែមិនទាន់ស្គាល់រសជាតិលើកពាន UEFA Champions League នៅឡើយ៕
ប្រភព៖ Football-Espana