Barcelona នៅតែមិនអាចសងសឹកទៅលើ Bayern Munich ហើយបន្តបរាជ័យក្រោមលទ្ធផល ៣-០ នៅឯទឹកដី Camp Nou ប្រទេសអេស្ប៉ាញ សម្រាប់ការប្រកួតជុំទី ១ វគ្គចែកពូលកាលពីព្រឹកថ្ងៃពុធ។
ជាមួយបរាជ័យនេះ អតីតនាយកប្រតិបត្តិក្លឹប Bayern Munich លោក Karl-Heinz Rummenigge ក៏បាននិយាយដែរថា Barcelona លែងដូចពីមុនទៀតហើយ ពោលគឺបន្ទាប់ពីអត់ Messi ក្រុមទាំងមូលលេងដូចជាគ្មានវិញ្ញាណក្នុងខ្លួន។
លោក Rummenigge និយាយប្រាប់សារព័ត៌មាន Bild៖ “Bayern លេងបានល្អ សក្តិសមនឹងឈ្នះ តែវាដូចលឿនពេកហើយការដែលនិយាយពីក្រុមសង្ឃឹមឈ្នះពានរដូវកាលនេះ ពោលគឺលុះត្រាណាដល់ប្រកួតទាត់ចាញ់ធ្លាក់ [Knockout] សិន”។
លោកសង្កត់ធ្ងន់៖ “បើយើងមើលទៅ Barcelona ពេលពួកគេគ្មាន Messi ពួកគេប្រៀបដូចត្រូវបានគេដកវិញ្ញាណចេញពីក្នុងខ្លួន ហើយពេលនេះកំពុងប្រឈមពេលវេលាលំបាកជាច្រើន ដោយលីគអេស្ប៉ាញដូចទាត់បាល់ចូលទីខ្លួនឯងអ៊ីចឹង ក្រោយពីបាត់បង់គេ”៕
ប្រភព៖ Bild