កាលពីឆ្នាំ ២០២០ កន្លងទៅ Cristiano Ronaldo រកបាន ៤១ គ្រាប់ឈរនៅលេខរៀងទី ២ ដែលចាញ់ Robert Lewandowski ចំនួន ៤ គ្រាប់ នេះបើយើងរាប់ទាំងគ្រាប់បាល់នៅការលេងឲ្យក្លឹប បូកនឹងជម្រើសជាតិ នៅគ្រប់ព្រឹត្តិការណ៍ទាំងអស់ប្រចាំឆ្នាំ។
ដោយឡែកសម្រាប់ឆ្នាំ ២០២១ នេះ បើយើងរាប់តាំងពីខែមករា មកទល់ពាក់កណ្តាលខែកញ្ញា ដែលសេសសល់រយៈពេលជាង ៣ ខែទៀត ក៏យើងនៅតែឃើញថា តារាឆ្នើមទាំងពីរមាន Lewandowski និង Ronaldo បន្តស្ថិតក្នុងបញ្ជី Top Scorer ទាំង ៥ រូបដដែល។ ផ្អែកតាមទិន្នន័យពីសារព័ត៌មាន MARCA ទំព័រ CTS Sports សុំបង្ហាញឈ្មោះ ខ្សែប្រយុទ្ធទាំង ៥ ដូចតទៅ៖
៥) Cristiano Ronaldo
បូកទាំងនៅក្លឹបចាស់ Juventus និងក្លឹបថ្មី Man Utd ក៏ដូចជាការលេងឲ្យជម្រើសជាតិព័រទុយហ្គាល់ សរុបរយៈពេលជាង ៩ ខែមកនេះ Ronaldo រកបាន ៣១ គ្រាប់ហើយ។
នៅពេលចុងក្រោយ CR7 ទើបតែឈានដល់តួលេខគ្រាប់បាល់ទី ១១១ ជាប់ឈ្មោះជាកីឡាករបាល់ទាត់រកគ្រាប់បាល់ឲ្យជម្រើសជាតិបានច្រើនដាច់គេ ហើយសម្រាប់ការលេងឲ្យក្លឹបថ្មី Man Utd គេក៏រកបាន ២ គ្រាប់ទល់ក្លឹប Newcastle។
៤) Kylian Mbappe
តាមថា Mbappe ត្រូវឈរនៅចំណាត់ថ្នាក់ល្អជាងនេះ តែជាមួយការលេងឲ្យជម្រើសជាតិបារាំង សម្រាប់ព្រឹត្តិការណ៍ Euro កន្លងទៅ គឺគេធ្វើមិនបានល្អទាល់តែសោះ។ សរុបគ្រាប់បាល់ យុវជនវ័យ ២២ ឆ្នាំ រកបានតែ ៣៣ គ្រាប់ប៉ុណ្ណោះ។
យ៉ាងណារដូវកាលចុងក្រោយរបស់ Mbappe នៅ PSG ឃើញថា សកម្មគួរសម ដោយបើកឆាក ៥ ប្រកួត គេរកបាន ៤ គ្រាប់និង Assist ២ លើកទៅហើយ។
៣) Lionel Messi
តារាឆ្នើមអាហ្សង់ទីន ដែលទើបសម្រេចការផ្ទេរពី Barcelona មកកាន់ក្លឹបបារាំង Paris Saint-Germain មានគ្រាប់បាល់សរុប ៣៦ គ្រាប់ ដែលជាការបញ្ចប់ទីឲ្យ Barcelona និងជម្រើសជាតិ។ ជាមួយក្លឹបថ្មីស្ថិតក្នុងទីក្រុងប៉ារីស តារាឆ្នើមវ័យ ៣៤ ឆ្នាំ មិនទាន់បានបង្ហាញខ្លួនជាប់លាប់នៅឡើយ នាំឲ្យការរកគ្រាប់បាល់ ក៏មិនទាន់កើតឡើងនោះដែរ។
យ៉ាងណាធៀបនឹង Ronaldo ស្ថិតិរបស់ Messi គឺមានប្រៀបជាងដោយបង្ហាញខ្លួន ៤១ ប្រកួតរកបាន ៣៦ គ្រាប់និង Assist ១៤ លើក រីឯកីឡាករព័រទុយហ្គាល់ បង្ហាញខ្លួន ៤២ ប្រកួត រកបាន ៣១ គ្រាប់និង Assist ៤ លើក។ យើងនឹងរង់ចាំមើលបន្តទៀត ជាពិសេសការផ្ទេរមកក្លឹបថ្មី សម្រាប់ពួកគេអាចនឹងមានការប្រែប្រួលតួលេខគ្រាប់បាល់ខុសពីពេលមុនក៏ថាបាន។
២) Erling Haaland
យុវជនសញ្ជាតិន័រវេសនៅតែខ្លាំង ដោយរដូវកាល ២០២១/២២ ត្រឹម ៦ ប្រកួត គេរកបាន ៨ គ្រាប់និង Assist ៤ លើកឯណោះ។ សរុបជារួមទាំងការលេងឲ្យជម្រើសជាតិផង Haaland រកបាន ៣៨ គ្រាប់ហើយ រាប់ចាប់ពីខែមករារៀងមក។ យ៉ាងណាបើធៀបនឹងខ្សែប្រយុទ្ធកំពូលរបស់ក្លឹប Bayern Munich គឺយុវជនវ័យ ២១ ឆ្នាំនៅមានគម្លាតឆ្ងាយគួរសម។
១) Robert Lewandowski
ជាអ្នកនាំមុខគេបណ្តោះអាសន្ន គិតត្រឹមថ្ងៃទី ១៣ កញ្ញា។ នៅសល់រយៈពេលជាង ៣ ខែកន្លះ សម្រាប់កីឡាករប៉ូឡូញ មាន ៤៥ គ្រាប់ក្នុងដៃហើយ ដូច្នេះតាមការប៉ាន់ប្រមាណគេអាចរំកិលលើសពី ៥០ គ្រាប់សម្រាប់ទំព័រឆ្នាំ ២០២១។ ចុះសម្រាប់ការយល់ឃើញរបស់អ្នករាល់គ្នាវិញ តើគិតថាឆ្នាំនេះ ម៉ាស៊ីនបញ្ចប់ទីរូបណាទៅ ដែលនឹងអាចរកបានច្រើនគ្រាប់ជាងគេ?
ប្រភព៖ MARCA