អ្នកចាត់ការលោក Ronald Koeman បានកោតសរសើរដល់ចំណូលថ្មី ដែលជាកីឡាកររួមសញ្ជាតិ Luuk de Jong កាលពីពេលកន្លងទៅនេះ ថានៅការលេងតំបន់មួយចំនួន គេមើលទៅគួរឲ្យគ្រោះថ្នាក់ជាងអតីតកីឡាករ Barca គឺ Neymar Jr។
បញ្ជាក់បន្តិច De Jong ត្រូវបានក្លឹប Barcelona ចរចាសម្រេចបាននៅថ្ងៃចុងក្រោយមុនបិទទីផ្សារដោះដូរ ដោយខ្ចីជើងមួយរដូវកាលចេញពីក្លឹប Sevilla។ យ៉ាងណាការមកដល់សារនេះ គេហាក់ទទួលបានការឲ្យតម្លៃខ្ពស់ណាស់ ជាពិសេសពីលោក Koeman ដែលជាគ្រូរួមសញ្ជាតិ។
ប្រាប់ NOS អ្នកចាត់ការក្លឹបអ្នកមានបុណ្យនិយាយ៖ “ពេលបាល់ក្រុសចូលមក Luuk គឺពិតជាគ្រោះថ្នាក់ជាង Neymar ដោយគេជាខ្សែប្រយុទ្ធប្លែកមួយដែលយើងកំពុងមាន ហើយខ្ញុំគិតថាគ្រប់ក្រុមទាំងអស់ គួរតែមានប្រភេទកីឡាករដូចជាគេមួយ”។
លោកក៏បានសង្កត់ធ្ងន់ថា លោកស្នើឲ្យក្លឹបតាមទិញ De Jong យូរហើយ ពោលតាំងពីថ្ងៃទី ៨ សីហាឯណោះ ព្រោះលោកគិតតាំងពីមកដឹកនាំដំបូង ថាចង់មានការផ្លាស់ប្តូរប្រព័ន្ធប្រយុទ្ធថ្មី៕
ប្រភព៖ Marca