នៅការប្រកួតរវាងក្រុមជម្រើសជាតិប៉ូឡូញ និងអង់គ្លេស ក្នុងទីក្រុង Warsaw ប្រទេសប៉ូឡូញកាលពីយប់មិញ បានបញ្ចប់ទៅក្រោមលទ្ធផល ១-១។ អ្វីដែលគេចាប់អារម្មណ៍មុនការប្រកួត គឺអ្នកគាំទ្រក្នុងដីប៉ូឡូញមួយចំនួន បានពន្លឺសំឡេងចំអកទៅលើកីឡាករអង់គ្លេស ពេលពួកគេលុតជង្គង់បង្ហាញពីការប្រឆាំងការរើសអើងពូជសាសន៍។
ដើមឡើយពេលកីឡាករអង់គ្លេសឈរគោរពភ្លេងជាតិ គឺមានសំឡេងសាទរជាធម្មតាទេ ដល់តែពេលពួកគេដាក់ជង្គង់ បង្ហាញពីការប្រឆាំងការរើសអើងពូជសាសន៍ក៏ស្រាប់តែអ្នកគាំទ្រសឹងតែមួយចំហៀងកីឡដ្ឋានបានរំពងសំឡេងបែបឌឺដងភ្លាមៗ។
ពេលនោះគេឃើញប្រធានក្រុម Robert Lewandowski ក៏បានបង្ហាញសកម្មភាពគួរឲ្យគោរពផងដែរ នោះគឺលោកបានយកម្រាមដៃចង្អុលទៅកាន់ផ្លារបស់ UEFA ដែលបង្ហាញពីពាក្យ “Respect” សំដៅចង់ឲ្យអ្នកគាំទ្រមានការគោរពចំពោះកីឡាករផង។ រំឭកថា នេះមិនមែនជាលើកដំបូងនោះទេ សូម្បីតែកន្លងមកនៅការប្រកួតក្នុងទីក្រុង Budapest ប្រទេសហុងគ្រីក៏កើតចេញនៅសកម្មភាពពិបាកនឹងទទួលយកបែបហ្នឹងផងដែរ៕
ប្រភព៖ GiveMeSport