Khabib Nurmagomedov ដ្បិតជាអត្តពលិកក្នុងវិស័យកីឡាផ្សេង តែជាមួយ Cristiano Ronaldo អ្នកទាំងពីរហាក់ស្និទ្ធស្នាលគ្នាខ្លាំង ដោយកន្លងមកនេះ បុរសសញ្ជាតិរុស្ស៊ីបានបង្ហើបរឿងរ៉ាវជាច្រើនដែលគេបានដឹងអំពីកីឡាករព័រទុយហ្គាល់។
កន្លងមក Khabib និយាយថា រឿង CR7 គ្រោងផ្ទេរមក Man Utd គេបានដឹងមុន ១ ខែឯណោះ ដូច្នេះគេមិនភ្ញាក់ផ្អើលអ្វីទេ។ ដោយឡែកថ្មីៗនេះ គេបានទម្លាយសារដែលខ្លួនធ្លាប់ជជែកជាមួយ Ronaldo បន្ថែមទៀត និងជាអារម្មណ៍ពិតកាលខ្សែប្រយុទ្ធឆ្នើមខាងលើលេងឲ្យក្លឹបចាស់ Juventus។
ប្រាប់ Sport24 លោក Khabib និយាយ៖ “ខ្ញុំមិនចង់ទម្លាយសារឯកជននោះទេ តែ Ronaldo គាត់បាននិយាយប្រាប់ខ្ញុំពិតមែន ថាគាត់ធុញទ្រាន់នឹងការលេងនៅអ៊ីតាលីខ្លាំងណាស់ ហើយចង់ត្រលប់ទៅអង់គ្លេសវិញ”។
លោកបន្ថែម៖ “ខ្ញុំក៏មិនមែនជាអ្នកគាំទ្របាល់ទាត់អ៊ីតាលីដែរ តែបើបាល់ទាត់អង់គ្លេស Premier League ខ្ញុំមិនដែលមើលរំលងឡើយ ព្រោះគ្រប់ជំនួបទាំងអស់នៅទីនោះ គឺពិតជាអាចទស្សនាដោយជក់ចិត្ត”៕
ប្រភព៖ Sport24