មួយរយៈចុងក្រោយនេះ យើងលឺដំណឹងថាក្លឹបបិសាចក្រហម Man Utd តោខៀវ Chelsea និងសេះបង្កង់ Juventus ជាដើម បានចាប់អារម្មណ៍លើកីឡាករវ័យក្មេងសញ្ជាតិបារាំង គឺ Aurelien Tchouameni ដែលបច្ចុប្បន្នកំពុងបម្រើអាជីពឲ្យក្លឹប AS Monaco។
ដោយឡែក Paul Pogba ក៏បានឆ្លងកាត់ការលេងជាមួយយុវជនវ័យ ២១ ឆ្នាំរូបនេះផងដែរ នៅការបង្ហាញខ្លួនឲ្យជម្រើសជាតិជាលើកដំបូងរបស់គេ កាលពីប្រកួតកន្លងទៅ។ Pogba បានបង្ហាញការយល់ឃើញពាក់ព័ន្ធនឹង Tchouameni បែបនេះថា៖ “គេពិតជាល្អនោះល្អ ដោយគេលែងជាក្មេងប្រុសទៀតហើយ តែគេជាបុរសពេញលេញមួយរូប”។
កីឡាករបារាំងបន្ត៖ “ខ្ញុំពិតជារីករាយដែលបានលេងរួមគ្នាជាមួយគេ គេពាំនាំនូវថាមពលវិជ្ជមាន និងបច្ចេកទេសក៏ដូចជាគុណភាពជាច្រើនមកកាន់ក្រុម អ៊ីចឹងយើងជូនពរឲ្យគេទទួលបានពេលវេលាលេងបន្ថែមទៀត ហើយខ្ញុំនឹងតែងតែនៅក្បែរគេជានិច្ច”។
គួរបញ្ជាក់ថា Tchouameni គេត្រូវបានក្លឹប AS Monaco ចុះហត្ថលេខាទិញចេញពីក្លឹប Bourdeaux នៅខែមករា ឆ្នាំ ២០២០ ជាមួយតម្លៃ ១៨ លានអឺរ៉ូ។ បច្ចុប្បន្នគេសល់សុពលភាពកុងត្រាដល់ចុងខែមិថុនា ឆ្នាំ ២០២៤ ហើយហាងឆេងថ្លៃខ្លួនរបស់គេ បានឡើងល្បាក់ ១ ទ្វេជា ២៕
ប្រភព៖ Metro