អតីតកីឡាករជើងចាស់របស់ក្លឹប Inter Milan និង Real Madrid គឺ Ronaldo Nazario បានបង្ហាញការយល់ឃើញមួយចំនួនពាក់ព័ន្ធនឹងកីឡាករវ័យក្មេង Kylian Mbappe ថា យុវជនរូបនេះ មានគុណភាពលើទីលានស្រដៀងនឹងខ្លួនដែរ។
បញ្ជាក់បន្តិច Mbappe រយៈពេលចុងក្រោយ មានការផ្សារភ្ជាប់ក្នុងការផ្ទេរ ទៅក្លឹប Real Madrid ក្រោយពីសុពលភាពកុងត្រារបស់គេត្រូវផុតនៅចុងខែមិថុនា ឆ្នាំក្រោយ។ កីឡាករបារាំងនៅតែរាប់បានជាម៉ាស៊ីនបញ្ចប់ទី ដ៏មានគុណភាពមួយ តែមិនទាន់បានស្គាល់រសជាតិឈ្នះពាន UCL នៅឡើយ។
ក្រឡេកទៅបុរសវ័យ ៤៤ ឆ្នាំ បានឆ្លើយតបទៅនឹងសំណួរដែលគេសួរថា តើមានកីឡាកររូបណាដែលមានគុណភាពលេងស្រដៀងនឹងខ្លួនឬអត់? Ronaldo ឆ្លើយភ្លែត៖ “នោះគឺ Mbappe ដែលគេមានរបៀបលេងស្រដៀងនឹងខ្ញុំ គេមានគុណភាពដ៏អស្ចារ្យ គេមានតិចនិក និងដឹងពីរបៀបប្រើប្រាស់វានៅការរត់ល្បឿនលឿន”។
លោកបន្ត៖ “គេអាចឆ្លងផុតខ្សែការពារ អ្នកចាំទី ហើយគេមានបច្ចេកទេសនៃការរត់ និយាយទៅខ្ញុំពិតជាចូលចិត្ត Mbappe ខ្ញុំសូមសាទរសម្រាប់គេជាពិសេស”៕ ប្រភព៖ AF