គ្រូ Chelsea ​ថា Hazard ​ជា​កីឡាករ​ល្អ​បំផុត​នៅ​អង់គ្លេស

Maurizio Sarri ​អ្នក​ចាត់ការ​ក្រុម Chelsea ​បាន​និយាយ​ថា​ខ្សែ​បម្រើ Eden Hazard ​ជា​កីឡាករ​ល្អ​បំផុត​នៅ​អង់គ្លេស ​ប៉ុន្តែ​សមត្ថភាព​ប៉ុណ្ណឹង​នៅ​មិន​ទាន់​ដល់​កម្រិត​ខ្ពស់​បំផុត​របស់​គេ​នៅ​ឡើយ​ទេ។

Hazard ​រក​បាន​៣​គ្រាប់​ម្នាក់​ឯង ​ជួយ​ក្រុម Chelsea ​វាយ​បក​យក​ឈ្នះ​លើ Cardiff City ​វិញ ​ក្នុង​លទ្ធផល ៤-១ ​ក្រោយ​ពី​ត្រូវ​ភ្ញៀវ​នាំ​មុខ​មុន​១​គ្រាប់​នៅ​នាទី​១៦។

​៣​គ្រាប់​នេះ​ដែរ បាន​ធ្វើ​ឱ្យ​លោក Sarri ​និយាយ​សរសើរ​ពី​កូន​ក្រុម​របស់​ខ្លួន​មិន​ដាច់​ពី​មាត់​ឡើយ ​ដោយ​លោក​បញ្ជាក់​ពេល​នេះ Hazard ​ជា​កីឡាករ​ល្អ​ជាង​គេ​បំផុត​នៅ​អង់គ្លេស​នេះ។

អ្នក​ចាត់​ការ​ខាង​លើ​បាន​បន្ថែម​ទៀត​ថា ​ត្បិត​តែ​ខ្សែ​បម្រើ​របស់​ខ្លួន​លេង​ល្អ​យ៉ាង​នេះ​មែន ប៉ុន្តែ​មិន​អាច​យក​ទៅ​ប្រៀប​ជាមួយ Lionel Messi ​ឬ Cristiano Ronaldo ​ឡើយ។ ដោយ​អះអាង​ថា Hazard ​នៅ​មាន​សមត្ថភាព​លើស​នេះ​ទៀត ​ដែល​ត្រូវ​បញ្ចេញ​និង​ហាត់​រៀន​បន្ថែម​ទៀត។

សូម​បញ្ជាក់​ថា Chelsea ​បច្ចុប្បន្ន​នេះ​កំពុង​ឈរ​នៅ​កំពូល​តារាង ​មាន​១៥​ពិន្ទុ​ពេញ ​ស្មើ​ជាមួយ Liverpool ​ដែរ ប៉ុន្តែ​ឈ្នះ​គ្រាប់​បាល់​ចំណេញ​១​គ្រាប់ ទើប​អាច​ឈរ​កំពូល​តារាង​បាន៕ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT