អ្នកគាំទ្រអាចចំណាំកីឡាករណាម្នាក់បាន ក្រៅពីការចាំឈ្មោះ ខ្លះក៏ចំណាំនៅលេខអាវរបស់ពួកគេ ដូច្នេះលេខអាវនេះ ក៏ជាអត្តសញ្ញាណដ៏សំខាន់មួយផងដែរ ហើយកីឡាករខ្លះទៅមិនបានលេខអាវដែលខ្លួនចង់បាន ក៏សម្រេចច្រានចោលសំណើការផ្ទេរមកកាន់ក្លឹបថ្មីក៏មាន។
យ៉ាងណាក្រឡេកមកកីឡាករ ៨ រូបនេះវិញ ស្តាប់ទៅពួកគេអាចថាគួរឲ្យអាណិត តែក៏ជាទង្វើលះបង់ដ៏គួរឲ្យគោរពមួយផងដែរ ព្រោះអីពួកគេបានព្រមលះបង់លេខអាវរបស់ខ្លួន ទៅឲ្យអ្នកថ្មីដែលបានផ្ទេរមកចូលរួម ហើយពួកគេផ្ទាល់ស៊ូទៅយកលេខអាវទំនេរផ្សេងដែលនៅសល់។
៧) Anthony Martial
តាមការបញ្ជាក់ពីលោក Patric Evra បានឲ្យដឹងថា កាលពីឆ្នាំ ២០១៦ ពេល Zlatan Ibrahimovic មកដល់ លោក Jose Mourinho ជាអ្នកចាត់ការបានបង្ខំឲ្យ Martial បោះបង់អាវលេខ ៩ របស់គេមកឲ្យកីឡាករស៊ុយអែត ហើយគេអាចប្រើប្រាស់លេខ ១១ វិញបាន។
កាលនោះ Martial មានការអាក់អន់ចិត្តជាខ្លាំង ហើយគេក៏ធ្លាក់ទម្រង់លេងបន្តិចផងដែរ រហូតមកដល់ឆ្នាំ ២០១៩ ទើបគេទទួលបានអាវលេខ ៩ ត្រលប់មកវិញ និងបន្តមកទល់សព្វថ្ងៃ។
៦) Javier Pastore
កំពុងពាក់អាវលេខ ១០ សុខៗ ស្រាប់តែក្លឹបសុំឲ្យ Pastore បោះបង់លេខអាវនោះទៅឲ្យ Neymar នៅរដូវក្តៅ ឆ្នាំ ២០១៧។ ខ្សែបម្រើអាហ្សង់ទីន ប្រហែលជាខឹងរឿងនោះផង គេក៏បានសម្រេចចិត្តដើរចេញពីក្លឹប និងផ្ទេរទៅក្លឹបថ្មី AS Roma នៅរដូវក្តៅតែមួយដែល Neymar មកដល់ ហើយចាប់យកអាវលេខ ២៧ ជាមួយក្លឹបនៅលីគកំពូលអ៊ីតាលី។
៥) Juan Cuadrado
ស្រដៀងគ្នាទៅនឹង Pastore ដោយករណី Cuadrado ដើមឡើយគេជាម្ចាស់អាវលេខ ៧ បានពីរឆ្នាំនៅ Juventus តែដល់រដូវក្តៅឆ្នាំ ២០១៨ ពេល Ronaldo មកដល់ គេក៏ត្រូវបង្ខំចិត្តបោះបង់លេខអាវខ្លួនឯងឲ្យទៅកីឡាករព័រទុយហ្គាល់។ យ៉ាងណាគេពុំបានជ្រើសរើសផ្លូវបែកនោះទេ ពោលបន្តឈរជើងឲ្យក្លឹបសេះបង្កង់ទល់សព្វថ្ងៃជាមួយអាវលេខ ១១។
៤) Mariano Diaz
អ្នកគាំទ្រពិតជាភ្ញាក់ផ្អើលខ្លាំង ក្រោយពី Ronaldo ចាកចេញ ហើយទម្លាក់លេខ ៧ ឲ្យទៅ Diaz។ យ៉ាងណាគេគ្រងបានតែ ១ ឆ្នាំប៉ុណ្ណោះ លុះដល់ឆ្នាំ ២០១៩ ពេល Eden Hazard ផ្ទេរមក Real Madrid ក្លឹបក៏សម្រេចដកអាវលេខ ៧ ពីកីឡាករអេស្ប៉ាញ ហើយប្រគល់លេខអាវថ្មី គឺលេខ ២៤ សម្រាប់គេជំនួសវិញ។
២) Edinson Cavani
កីឡាករអ៊ុយរុយហ្គាយបានប្រើប្រាស់អាវលេខ ៧ តាំងតែពីរដូវកាលដំបូង ពេលផ្ទេរមកក្លឹបម្ចាស់ដី Old Trafford។ តែរំលងដល់រដូវក្តៅឆ្នាំ ២០២១ គេក៏បង្ខំចិត្តបោះបង់លេខពិសេសនោះ ឲ្យទៅម្ចាស់ថ្មីគឺ Cristiano Ronaldo។ ផ្ទុយទៅវិញ Cavani បានប្រើប្រាស់អាវលេខ ២១ ដែលជារបស់ Daniel James ក្រោយគេផ្ទេរទៅក្លឹប Leeds United។
២) Alexandre Letellier
Messi ពេលមកដល់ PSG គេមិនបានរំអុកឲ្យ Neymar ប្រគល់អាវលេខ ១០ មកកាន់ខ្លួននោះទេ បើទោះបីសាមីខ្លួន Neymar ផ្ទាល់ព្រមទាំងមិនស្ទាក់ស្ទើរក៏ដោយ។ ផ្ទុយទៅវិញ តារាឆ្នើមអាហ្សង់ទីនបានជ្រើសយកអាវលេខ ៣០ ដែលជារបស់អ្នកចាំទី Alexandre Letellier ហើយពេលនេះគេប្តូរមកប្រើប្រាស់លេខ ៦០ ជំនួសវិញ។
១) Martin Braithwaite
កៅឆាយអាវលេខ ៩ របស់ Luis Suarez បានមួយរដូវកាល ចុងក្រោយ Braitwaite ក៏ត្រូវបង្ខំចិត្ត បោះបង់ហើយផ្ទេរទៅឲ្យម្ចាស់ថ្មីគឺ Memphis Depay។ ដោយឡែកសម្រាប់រដូវកាលថ្មី ខ្សែប្រយុទ្ធដាណឺម៉ាកបានជ្រើសយកអាវលេខ ១២ មកប្រើប្រាស់ជំនួស៕