ចំនួនកីឡាករក្រុមបាល់ទាត់ខេត្តបាត់ដំបងបានថយចុះ បន្ទាប់ពីពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ២០២១ ត្រូវបានផ្អាកមួយរយៈធំមកដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩។ យ៉ាងណា លោក សុឹង វិសាត ដែលជាគ្រូបង្គោល អះអាងថា ក្រុមរបស់លោកមិនបោះបង់ឆន្ទៈប្រកួតឡើយ ដោយពួកគេ ជាពិសេសអ្នកនៅសល់ នៅតែចង់លេង។
គ្រូបង្វឹកខាងលើប្រាប់ថា មិនទាន់មានការប្រមូលផ្ដុំជុំគ្នានៅឡើយទេ ដោយអាចរៀបចំបានតែស្វ័យហ្វឹកហាត់ និងផ្ដោតបានតែលើការរក្សាកម្លាំងមួយមុខប៉ុណ្ណោះ។ លោកថា ទោះលទ្ធផលបែបណា ក្រុមលោកនឹងពេញចិត្តទទួលយក។
លោក ស៊ឹង វិសាត ថ្លែងបែបនេះ “៖ បាត់ដំបងនៅតែបន្តប្រកួត ព្រោះយើងបានដាក់ពាក្យលើកទី២ រួចហើយ។ សម្រាប់ក្រុមយើង រាងពិបាកបន្តិច ព្រោះកីឡាករអត់បានហាត់ជុំគ្នា។ យើងឲ្យកីឡាករហាត់តាមផ្ទះរៀងៗខ្លួន។ យើងផ្តោតតែលើកម្លាំងតែមួយគត់។ ម្យ៉ាងទៀត បាត់ដំបងបន្តចូលរួមដោយសារតែកីឡាករនៅមានឆន្ទៈ ហើយពួកគាត់ចង់ប្រកួតអស់ពីសមត្ថភាព ទោះលទ្ធផលយ៉ាងណា ពួកយើងនឹងទទួលយកតាមហ្នឹង។ បើនិយាយពីចំនួនកីឡាករវិញ នៅសល់តែ១៨នាក់ទេ ព្រោះខ្លះពិបាកចូលរួម។”
សម្រាប់កីឡាករមកពីរាជធានីភ្នំពេញវិញ លោក ស៊ឹង វិសាត ប្រាប់ថា នៅសល់តែអ្នកចាំទីម្នាក់គត់ដែលអាចបន្តជួយក្រុមក្នុងការប្រកួតសាជាថ្មីនាពេលខាងមុខ។
គួរដឹងដែរថា ក្នុងការប្រកួតវគ្គចែកពូលមុនផ្អាកបណ្ដោះអាសន្ន បាត់ដំបង ដែលស្ថិតក្នុងពូល “ខ” មាន១០ពិន្ទុពីការប្រកួត៦លើក ដោយស្មើក្រុមលេខ២បន្ទាយមានជ័យ និងក្រោមក្រុមកំពូលតារាងសូហ្វីយ៉ាប៉ៃលិនមួយពិន្ទុ៕
អត្ថបទ៖ CNCC