តើនរណាសក្តិសមនឹងឈ្នះពានឯកត្តជន Ballon d’Or ២០២១ បំផុត? ជឿថាចម្លើយនៃការយល់ឃើញ គឺលើកឡើងមកខុសៗពីគ្នា ព្រោះមានការស្រលាញ់ចូលចិត្តកីឡាកររៀងៗខ្លួន។ យ៉ាងណាការសម្រេចយកអ្នកឈ្នះពិតប្រាកដ នឹងត្រូវប្រកាសនៅកំឡុងខែធ្នូចុងឆ្នាំខាងមុខ។
កន្លងមកយើងក៏បានឃើញហើយដែរនៅម្ចាស់ពានកីឡាករល្អបំផុតប្រចាំរដូវកាលរបស់ UEFA ដែលបានប្រគល់ជូន Jorginho ហើយជារៀងរាល់ឆ្នាំតាមតម្រុយ ប្រសិនកីឡាករណាឈ្នះពានរបស់ UEFA គឺភាគច្រើន រមែងឈ្នះពានបាល់មាស Ballon d’Or នោះដូចគ្នា។
មិនខុសពីការយល់ឃើញរបស់លោក Roberto Mancini អ្នកចាត់ការក្រុមជម្រើសជាតិអ៊ីតាលី ក៏និយាយដូច្នេះដែរថា៖ “ខ្ញុំចង់ឃើញ Jorginho ជាអ្នកឈ្នះពាន Ballon d’Or គេសក្តិសមនឹងទទួលបានវា ព្រោះអីគេឈ្នះគ្រប់យ៉ាងនៅរដូវកាលនេះ”។
ជាការពិត Jorginho បានលើកពាន UEFA Champions League ជាមួយនឹងក្លឹបតោខៀវ Chelsea ហើយពាន Euro 2020 ជាមួយនឹងជម្រើសជាតិអ៊ីតាលី។ ប៉ុន្តែវាស៊ីសងលើការដាក់ពិន្ទុពីគណៈកម្មការដូចជាស្ថាប័នអ្នកកាសែត និងអ្នកចាត់ការលើការវាយតម្លៃទម្រង់លេងជារួម ហើយយើងនឹងបានដឹងចម្លើយច្បាស់ការនៅរំលង ៣ ខែក្រោយ៕
ប្រភព៖ Sportskeeda