ក្លឹបតោខៀវ Chelsea បានបន្ថែមកម្លាំងនៅតំបន់បម្រើមួយរូបទៀត នោះគឺវត្តមាននៃការមកដល់របស់ Saul Niguez ចេញពីក្លឹប Atletico Madrid នៅលក្ខខណ្ឌផ្ទេរខ្ចីជើងមួយរដូវកាលពេញ។
សុពលភាពឈរជើងរបស់ Saul នៅ Stamford Bridge នឹងត្រូវផុតនៅចុងខែមិថុនា ឆ្នាំ ២០២២ តែក្លឹបក៏មានសិទ្ធអាចទិញផ្តាច់ យកកីឡាករអេស្ប៉ាញផងដែរ ជាមួយតម្លៃប្រហែល ៤០ លានអឺរ៉ូ។ ទន្ទឹមនឹងការផ្ទេរចេញរបស់បុរសវ័យ ២៦ ឆ្នាំ ខាងក្រោមដឹកនាំដោយលោក Diego Simeone ឯណោះ ក៏បានខ្ចីជើងខ្សែប្រយុទ្ធសំខាន់ Antoine Griezmann ចេញពី Barcelona មកវិញផងដែរ។
ទៅមើលការលើកឡើងរបស់ Saul ក្រោយសម្រេចការផ្ទេរមកក្លឹបមានមូលដ្ឋានក្នុងទីក្រុងឡុង គេបានលើកឡើងថា៖ “ខ្ញុំពិតជារំភើបនឹងការចាប់ផ្តើមការប្រកួតប្រជែងថ្មីជាមួយ Chelsea សម្រាប់អ្នកគាំទ្រតោខៀវ ខ្ញុំជាចំណែកមួយរបស់អ្នករាល់គ្នាហើយពេលនេះ ខ្ញុំពិតជាចង់ពាក់អាវក្លឹប ចូលហ្វឹកហាត់និងជួបអ្នករាល់គ្នាឲ្យបានលឿន”។
បញ្ជាក់ថា Saul ធ្លាប់មានបទពិសោធន៍ជោកជាំមកហើយនៅ Atletico ដោយគេបង្ហាញខ្លួន ៣៤០ ប្រកួត រកបាន ៤៣ គ្រាប់។ វត្តមានរបស់គេ នឹងចូលមកជំនួយបន្ថែមដល់ប្រព័ន្ធបម្រើ ដែលកំពុងមានកីឡាករកំពូលដូចជា Jorginho, Mateo Kovacic និង N’Golo Kante ឈរជើងស្រាប់៕
ប្រភព៖ BeSoccer