ក្រុមជម្រើសជាតិព័រទុយហ្គាល់ នឹងមានភារកិច្ចចូលរួមការប្រកួតចាប់ពីយប់រំលងអាធ្រាត្រនេះទៅ រហូតដល់ថ្ងៃ ៧ កញ្ញា ដែលមានន័យថា ចន្លោះពេលមួយសប្តាហ៍ពួកគេត្រូវឆ្លងកាត់ដល់ទៅ ៣ ប្រកួត។ មាន ២ ប្រកួតនៅវគ្គជម្រុះបឋម World Cup និង ១ ប្រកួតមិត្តភាព។
យ៉ាងណាបើតាមការបង្ហើបពីលោក Fernando Santos អ្នកចាត់ការក្រុមជម្រើសជាតិព័រទុយហ្គាល់ បានឲ្យដឹងថា Ronaldo នឹងមានឈ្មោះចូលរួមការប្រកួតទាំងង ៣ ហើយលោកកំពុងពេញចិត្តខ្លាំងអំពីការបំផុសទឹកចិត្តរវាងគេនិង Bruno Fernandes។
ប្រាប់អ្នកសារព័ត៌មាន លោក Santos ថា៖ “ខ្ញុំកំពុងចាប់អារម្មណ៍លើ [Ronaldo/Bruno] អំពីការជំរុញទឹករបស់ពួកគេរួមគ្នា ហើយអ្នកជាអ្នកកាសែតអង់គ្លេស អ៊ីចឹងអាចទៅសួរពួកគេពេលលេងនៅ Man Utd បាន”។
លោកបន្ថែម៖ “គ្មានអ្វីដែលគួរឲ្យសង្ស័យទេ ថាកីឡាករដូចជា Ronaldo និងអ្នកឯទៀតត្រូវលេងទល់អៀរឡង់ គ្រាន់ថាខ្ញុំក៏យល់ដែរថា គ្រប់គ្នាចាប់អារម្មណ៍ខ្លាំងមកលើ Ronaldo ដោយខ្ញុំនឹងដាក់ឲ្យគេលេងទាំង ៣ ប្រកួត តែវាក៏មិនមែនជារឿងស្រួលនោះដែរ ព្រោះនេះ ៣ ប្រកួតត្រូវលេង ៧ ថ្ងៃ”។
គួរបញ្ជាក់ថា Ronaldo ត្រូវការតែ ១ គ្រាប់ទៀតប៉ុណ្ណោះ ដើម្បីរកបានគ្រាប់បាល់ទី ១១០ ឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ ហើយបំបែកកំណត់ត្រា Ali Daei ក្លាយជាកីឡាកររកបានគ្រាប់បាល់ច្រើនបំផុតឲ្យក្រុមជម្រើសជាតិ៕
ប្រភព៖ BeSoccer