ខ្សែបម្រើកាន់ឆ្នាំរបស់ក្លឹប Liverpool គឺកីឡាករ Jordan Henderson បានសម្រេចការបន្តកុងត្រាថ្មី នៅរសៀលថ្ងៃអង្គារនេះ ដោយបន្ថែមសុពលភាពដល់ឆ្នាំ ២០២៥ ពីលើកុងត្រាចាស់ដែលត្រូវផុតនៅឆ្នាំ ២០២៣។
កីឡាករអង់គ្លេសបាននិយាយប្រាប់ Liverpoolfc.om បែបនេះថា៖ “ខ្ញុំពិតជាមានកិត្តិយសនិងមោទនភាព សម្រាប់ការបន្តដំណើរផ្សងព្រេងថ្មី ដោយនេះជារឿងដ៏អស្ចារ្យ ដែលនាំឲ្យខ្ញុំក្លាយជាមនុស្សថ្មី ធៀបនឹងការមកដល់ដំបូង”។
លោកបន្ថែម៖ “ខ្ញុំបានរៀនសូត្រនិងអភិវឌ្ឍខ្លួននៅទីនេះ ហើយក៏អរគុណដល់អ្នករាល់គ្នា ខ្ញុំពិតជានៅបន្តរីករាយក្នុងនាមជាផ្នែកមួយនៃក្លឹប Liverpool ជារួមទៅខ្ញុំតែងតែនិយាយថា ខ្ញុំចង់បន្តនៅទីនេះឲ្យយូរតាមដែលអាចធ្វើទៅបាន”។
បញ្ជាក់ដែរថា Henderson ត្រូវបាន Liverpool ថ្ពក់យកពី Sunderland នៅតម្លៃ ១៨ លានអឺរ៉ូ កាលពីដើមខែកក្កដា ឆ្នាំ ២០១១ ដោយគិតមកទល់ពេលនេះមានរយៈពេល ១០ ឆ្នាំហើយ។ ស្ថិតិជារួមរបស់គេ ចាយពេល ៣៩៤ ប្រកួត គេរកបាន ៣០ គ្រាប់និង Assist ៥១ លើក៕
ប្រភព៖ Liverpoolfc.com