ភ្នំពេញក្រោនទទួល បានត្រឹមមួយពិន្ទុសាជាថ្មីទៀតហើយក្នុងក្របខណ្ឌ Metfone Cambodian League 2021 ក្រោយស្មើ១ទល់នឹង១ជាមួយសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ក្នុងការប្រកួតនៅថ្ងៃអាទិត្យ ទី២៩ ខែសីហា នេះ។
ក្រុមម្ចាស់ផ្ទះមានមូលដ្ឋាននៅ ស្មាត អ.អេស.អិន បាននាំមុខមុនក្នុងនាទីទី៨ ពីការទាត់ពីចម្ងាយយ៉ាងល្អដោយខ្សែបម្រើ ប្រាក់ ធីវ៉ា។
រំលងបានតែ៣នាទីប៉ុណ្ណោះ ក្រុមអ្នកចាត់ការក្រុម Lee Tae-hoon តាមស្មើបានវិញ ដោយខ្សែប្រយុទ្ធ ណារ៉ុង កក្កដា បន្ទាប់ពីរូបគេឆក់បានបាល់ពីការបញ្ជូនមិនបានល្អរបស់ យ៉ើ មូស្លីម។ ពេលនោះ មូស្លីម បានប៉ះទៅឲ្យ ឆុំ ភីសា តែកក្កដា បានចូលខ្លួនដណ្ដើមបានសម្រេច ហើយទាត់បញ្ចូលទីយ៉ាងល្អ។
ទោះព្យាយាមសម្រុក និងមានឱកាសច្រើនជាបន្តបន្ទាប់ ជាពិសេសក្នុងវគ្គទី២ ភ្នំពេញក្រោនមិនអាចសម្រេចទីបានឡើយ ដោយរារាំងបានពីខ្សែការពារ និងអ្នកចាំទី គង់ រ៉ាហ្វាត់។ ក្នុងការប្រកួតដែលមានកីឡាករបរទេសត្រឹម២នាក់ Tiffy Army ត្រូវបានគេមើលឃើញថា ហាក់ផ្ដោតខ្លាំងលើការការពារ។
ដូច្នេះនេះជាការស្មើជាលើកទី៤ហើយសម្រាប់ភ្នំពេញក្រោនពីការប្រកួត៩លើកកន្លងមក។ លទ្ធផលស្មើទាំងនេះក៏កើតឡើងនៅលើទឹកដីនៃកីឡដ្ឋាន Smart RSN ទាំងអស់តែម្ដង ពោលមិនទាន់ស្មើនៅក្រៅដីនៅឡើយទេ៕
ប្រភព៖ CNCC