តើណាហ្គាវើល អាចឆ្លងកាត់ក្រសួងការពារជាតិ ដណ្តើម ៣ពិន្ទុបន្ថែមបានដែរឬទេ ?

ការប្រកួតសប្តាហ៍ទី ២០ នៃក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០១៨ ចាប់ផ្តើមក្នុងថ្ងៃសៅរ៍នេះហើយ ដែលឃើញថាមាន ៣គូ នឹងធ្វើការប្រជែងដណ្តើមពិន្ទុ ក្នុងនោះកៅអីកំពូលតារាងកំពុងតែជាប្រធានបទរសើប។

ណាហ្គាវើល នឹងត្រូវជួបក្រសួងការពារជាតិ វេលាម៉ោង ៣រសៀល នៅស្តាតចាស់ ជាកីឡដ្ឋានដែលពួកគេធ្លាប់ឈ្នះទ័ព (រហស្សនាមរបស់ក្រសួងការពារជាតិ) ម្តងរួចមកហើយ កាលពីជើងទីមួយ ដោយលទ្ធផល ២-០ ក្នុងនាមជាក្រុមភ្ញៀវ ខណៈដែល Bisan George ស៊ុតចូលទី ២គ្រាប់ម្នាក់ឯងក្នុងការប្រកួតនោះ។ប៉ុន្តែថ្មីៗនេះ ក្រសួងការពារជាតិ ក៏ទើបតែបានទម្លាក់ណាហ្គាវើល ចេញពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Hun Sen Cup នោះទេ ដោយយកឈ្នះ នៅវគ្គថែមម៉ោង ៣-១ ។

ក្រុមរបស់លោក មាស ចាន់ណា កំពុងតែត្រូវការពិន្ទុជាចាំបាច់ ដើម្បីផ្តាច់គម្លាតតាមពីក្រោយដោយ បឹងកេត ដែលឆ្ងាយពីគ្នាត្រឹមតែ ២ពិន្ទុប៉ុណ្ណោះ ។ បឹងកេត នឹងជួប អគ្គិសនីកម្ពុជា នៅថ្ងៃស្អែក ជាប្រកួតដែលមានភាគរយខ្ពស់ថានឹងដណ្តើមបានពិន្ទុ។វិសាខា ដែលជាក្រុមប្រជែងទីបី ក៏នឹងត្រូវជួបអគ្គស្នងការដ្ឋាននគរបាលជាតិ ផងដែរ ក្នុងថ្ងៃសៅរ៍នេះ ។ ក្រុមទាំងពីរ ជួបគ្នាកាលពីជើងទីមួយ វិសាខា ត្រូវបានក្រុមតំណាងប៉ូលីស យកឈ្នះ ៣ទល់នឹង ១ ជាបរាជ័យមួយ ក្នុងចំណោមបរាជ័យតែបីប្រកួតប៉ុណ្ណោះសម្រាប់វិសាខាក្នុងរដូវកាលថ្មីរបស់ពួកគេ។

ក្នុងថ្ងៃជាមួយគ្នានេះដែរ ព្រះខ័នរាជស្វាយរៀង ក៏នឹងត្រូវទទួលស្វាគមន៍សូលទីឡូអង្គរ នៅម៉ោង ៦ល្ងាច ក្នុងទឹកដីរបស់ខ្លួន ។ កីឡដ្ឋានខេត្តស្វាយរៀង អំឡុងការប្រកួតជើងទីពីរ ដែលដំណើរការអស់ ៨សប្តាហ៍កន្លងមកនេះ មិនផ្តល់លទ្ធផលល្អឡើយដល់ក្រុមម្ចាស់ផ្ទះ ពោលគឺ ឈ្នះ ១ ចាញ់ ៣ និងឈ្នះតែ ១ប៉ុណ្ណោះ ស៊ុតចូល ៥គ្រាប់ ខណៈរបូតដល់ទៅ ១១គ្រាប់ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT