ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០២១ នឹងត្រឡប់មកវិញ នាចុងសប្ដាហ៍នេះហើយ បន្ទាប់ពីផ្អាកការប្រកួតអស់រយៈពេល ៣សប្ដាហ៍ ដោយសារបញ្ហាកូវីដ-១៩។ នេះបើតាមការជូនដំណឹងរបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC)។
ចំពោះកម្មវិធីប្រកួតចុងសប្ដា៍នេះ ក្រុមភ្នំពេញក្រោន នឹងត្រូវជួបក្រុមភ្ញៀវសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ (Tiffy Army) នាល្ងាចថ្ងៃទី២៩ ខែសីហា នៅកីឡដ្ឋាន Smart RSN មុនក្រុមសូលទីឡូអង្គរ ជួបក្រុមនគរបាលជាតិ នាថ្ងៃទី០១ ខែកញ្ញា នៅកីឡដ្ឋាន SRU ខេត្តសៀមរាប ដែលជាការប្រកួតបង្គ្រប់សប្ដាហ៍ទី៦ ដូចគ្នា។
ដោយឡែកសប្ដាហ៍ក្រោយ ការប្រកួតនឹងដំណើរការធម្មតាជាមួយការបន្ដការប្រកួតជុំទី១ សប្ដាហ៍ទី១២ ដែលមាន ៦ប្រកួតពេញ នាថ្ងៃទី០៤-០៥ ខែកញ្ញា។ ការប្រកួតជុំទី១ គ្រោងនឹងបញ្ចប់នៅថ្ងៃទី១៥ ខែកញ្ញា មុនបន្ដការប្រកួតជុំទី២ ដែលគ្រោងផ្លាស់ប្ដូររូបមន្ដប្រកួតដោយបែងចែកជា ២ គឺការប្រកួត Top-8 និង 5 Bottom មានន័យថា ក្រុមឈរលេខ១ ដល់លេខ៨ នៃជុំទី១ ត្រូវប្រកួតប្រជែងពាន និង ៥ក្រុមក្រោមគេ ត្រូវលេងដើម្បីរក្សាកៅអីក្នុងលីគ ឆ្នាំ២០២២។
គិតត្រឹមសប្ដាហ៍ទី១១ មុនលីគផ្អាកការប្រកួត ៣សប្ដាហ៍កន្លងទៅ គេឃើញ ៥ក្រុមកំពូលតារាង មានពិន្ទុប្រដេញគ្នាយ៉ាងប្រកៀកប្រកិត រួមមានវិសាខា (២២ពិន្ទុ), បឹងកេត (២១ពិន្ទុ), អង្គរថាយហ្គឺរ (២០ពិន្ទុ), ព្រះខ័នរាជស្វាយរៀង និងណាហ្គាវើលដ៏ (១៩ពីន្ទុស្មើគ្នា) បន្ទាប់ពីឆ្លងកាត់ ១០ប្រកួត។ ចំណែកភ្នំពេញក្រោន ឈរលេខ៦ និងមាន ១៨ពិន្ទុក្នុងដៃ តែពួកគេទើបប្រកួតបាន ៨ប្រកួតប៉ុណ្ណោះ៕
ប្រភព: CAMSOC