លោក Al Khelaifi ប្រធានក្លឹប PSG បានបញ្ជាក់ថានៅពេលនេះលោកមិនអាចនិយាយអ្វីចំពោះរឿងកីឡាករ Kylian Mbappe បាននោះទេ ព្រោះលោកកំពុងរវល់ធ្វើការ។
ការដោះដូរកីឡាករកំពុងតែកើតមានឡើងខ្លាំងនៅចុងរដូវកាលដោះដូរនេះ ព្រោះទីផ្សារនឹងបិទនៅថ្ងៃទី៣១ខែសីហាឆ្នាំ២០២១នេះហើយ។ ខណៈដែលការដោះដូរដែលគេចាប់អារម្មណ៍ខ្លាំងនោះគឺ Real Madrid កំពុងចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធ Mbappe ដោយដេញថ្លៃដំបូងដល់ ១៥០លានអឺរ៉ូទៅហើយ។ តែសំណើរនោះក៏ត្រូវ PSG ច្រានចោលដែរ ព្រោះចង់បានច្រើនជាងនេះរហូតដល់២២០លានអឺរ៉ូ។
ចំពោះរឿងផ្ទេរ Mbappe ទៅ Real Madrid នេះដែរ អ្នកកាសែតចេញពីស្ថាប័ន Marca បានទៅសម្ភាសន៍លោក Al Khelaifi ដែលជាប្រធានក្លឹប PSG ផ្ទាល់តែម្ដង។ តែចម្លើយវិញ ត្រូវបានម្ចាស់ក្លឹបអ្នកមានបារាំង ឆ្លើយវិញថា៖ “ខ្ញុំនឹងនិយាយពីវានៅពេលក្រោយ នៅពេលនេះមិនមែនជាពេលត្រូវនិយាយពីវាទេ។ ខ្ញុំកំពុងធ្វើការ”៕ប្រភព Marca