ក្រុម Chelsea សឹងតែអាចចុះកុងត្រាយកខ្សែប្រយុទ្ធ Kylian Mbappe បានទៅហើយកាលពីឆ្នាំ២០១២កន្លងទៅ ប៉ុន្តែបែរជាភ្លាត់វិញ ក្រោយពីម្ដាយរបស់កីឡាកររូបនេះ មិននាំកូនទៅធ្វើតេស្ដលើកទី២។
Daniel Boga ជាអតីតអ្នករើសថ្នាលយុវជនរបស់ក្រុម Chelsea ។ លោកបានរំលឹកអតីតកាលថា Kylian Mbappe បានមកធ្វើតេស្ដនៅក្រុមរបស់លោកម្ដងមកហើយ ប៉ុន្តែមិនទាន់ជាប់។ គ្រានោះ លោកបានហៅរូបគេមកធ្វើតេស្ដជាលើកទី២ ប៉ុន្តែម្ដាយរបស់ខ្សែប្រយុទ្ធបារាំងរូបនេះ បានបដិសេធមិនព្រមនាំកូនមកជាលើកទី២ឡើយ។ ដោយសារតែដូច្នេះហើយ ទើបបានជាមិនអាចមានការចុះកុងត្រាបាននៅគ្រានោះ។
លោក Boga បាននិយាយទៀតថា ពេលហៅមកធ្វើតេស្ដជាលើកទី២នោះ ម្ដាយរបស់ Mbappe បានប្រាប់មកលោកវិញថា៖ “ក្លឹបគួរតែចុះកុងត្រាយកពេលនេះ មិនមែនលើកទី២ទេ ហើយពួកគេនឹងបាត់បង់ឱកាស ឬប្រសិនបើចង់បានកូនខ្ញុំទៀត ត្រូវរង់ចាំ៥ឆ្នាំទៀត និងតម្លៃខ្លួនវិញអាចដល់៥០លានអឺរ៉ូ”។ បុរសរូបនេះ បន្ថែមទៀតថា គ្រានោះ មូលហេតុដែលក្លឹប Chelsea មិនព្រមយក ព្រោះពួកគេមើលឃើញថា Mbappe មកធ្វើតេស្ដលើកដំបូង មិនបានខំហាត់ឡើយ។
ដោយឡែក បើនិយាយពីបច្ចុប្បន្ននេះវិញ កីឡាករវ័យ១៩ឆ្នាំខាងលើកំពុងល្បីឈ្មោះខ្លាំងមែនទែន ខណៈដែលតម្លៃខ្លួនវិញ ក្លឹប PSG ទិញពី Monaco មក ជិត២០០លានអឺរ៉ូឯណោះ។ អ្វីដែលពិសេសទៀតនោះ រូបគេទើបតែជួយបារាំងលើកពាន World Cup 2018 និងឈ្នះពានកីឡាករក្មេងជាងគេល្អបំផុតនៅពានរង្វាន់នេះផងដែរ៕ប្រភពDailyMail