ទីផ្សារដោះដូរកាន់តែក្តៅគគុកខ្លាំងហើយនៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ មុនបិទទំព័រខែសីហា ជាពិសេសគឺបណ្តាក្លឹបធំៗនៅអង់គ្លេស ហាក់មិនទាន់បញ្ចប់ការចង់បានរបស់ពួកគេនោះទេ។ ជាក់ស្តែងដូច Man Utd និង Chelsea ក៏កំពុងប្រជែងគ្នា លើការចង់បានខ្សែបម្រើឆ្នើមមួយរូបផងដែរចេញពីលីគកំពូលអេស្ប៉ាញ La Liga។
តាមប្រភពពី The Telegraph បានឲ្យដឹងថា ក្រុមតោខៀវ ហាក់កំពុងមានប្រៀបជាងបិសាចក្រហមលើការចរចានាំយកខ្សែបម្រើ Saul Niguez ចេញពីក្លឹប Atletico Madrid ប៉ុន្តែដើរគន្លងចាស់ដូចកាលយក Mateo Kovacic ពី Real Madrid នោះគឺខ្ចីជើងមួយរដូវកាលសិន សឹមទិញផ្តាច់នៅចុងបញ្ចប់រដូវកាលនាខែកក្កដា។
ប្រភពបានសង្កត់ធ្ងន់ថាលោក Thomas Tuchel មើលឃើញពីគុណភាពរបស់ Saul ដែលអាចបន្ថែមគុណភាពលេងដល់ក្រុម នៅការប្រជែងតំណែងបម្រើជាមួយ Kovacic, N’Golo Kante និង Jorginho។ ប៉ុន្តែចំពោះលទ្ធភាពនៃការទិញផ្តាច់ គឺទាមទារឲ្យក្លឹបអាចលក់ចេញកីឡាករមួយចំនួនដូចជា Ross Barkley, Tiemoue Bakayoko និង Danny Drinkwater ជាមុនសិន។
រំឭកថាកីឡាករអេស្ប៉ាញ សេសសល់សុពលភាពកុងត្រានៅ Atletico ដល់ចុងខែមិថុនា ឆ្នាំ ២០២៦ ហើយតាមហាងឆេងថ្លៃខ្លួនរបស់គេគឺអាចថ្លៃប្រមាណ ៤០ លានអឺរ៉ូ។ ចាយពេលសរុប ៣៣៩ ប្រកួត បុរសវ័យ ២៦ ឆ្នាំ រកបាន ៤៣ គ្រាប់និង Assist ២០ លើក៕
ប្រភព៖ TheTelegraph