ក្រុមយក្សអាល្លឺម៉ង់ Bayern Munich ហាក់ដូចជាមិនប្រណីដល់ក្រុមខ្សោយ Bremer SV សោះ ដោយបានយកឈ្នះលើពួកគេក្នុងលទ្ធផលដល់ទៅ ១២-០ ឯណោះក្នុងពាន German Cup ។
ក្រុម Bayern មិនសូវដាក់កីឡាករល្អៗលេងទេក្នុងការប្រកួតខាងលើ ប៉ុន្តែកីឡាករបម្រុងដែលចូលខ្លួនទៅប្រកួតនោះគឺល្មមគ្រប់គ្រាន់សម្រាប់ពួកគេយកឈ្នះលើក្រុមខ្សោយលេងនៅលីគទី៥បានយ៉ាងងាយទៅហើយ។ ១២-០ បានធ្វើឱ្យ Bremer SV ស្គាល់បរាជ័យធ្ងន់មួយក្រោមថ្វីជើងក្រុមជើងឯក Bundesliga ហើយ។ នេះតែមិនមែនជាលទ្ធផលដែលក្រុម Bayern បំបាក់ដៃគូច្រើនគ្រាប់ជាងគេនោះទេ។
ជាក់ស្ដែងកាលពីឆ្នាំ២០១៩កន្លងទៅ ក្រុមខាងលើបានយកឈ្នះលើក្រុម FC Rottach Egern ក្នុងប្រកួតមិត្តភាពដល់ទៅ ២៣-០ ឯណោះ។ ខណៈដែលឆ្នាំបន្ទាប់មកទៀត ពួកគេទៅប្រកួតជាមួយក្រុមនេះដដែល និងបន្ដឈ្នះ ២០-២ ទៀត៕ប្រភព Dailymail