“Man City ឲ្យ Spurs ១២០ លានផោន តែ Spurs សុំដល់ ១៥០ លានផោន នាំឲ្យ Harry Kane នៅទាំងមិនចង់នៅ ហើយចង់ចាកចេញក៏ធ្វើមិនបាន” ពាក្យទាំងនេះ ជាអ្វីដែលយើងអាចលើកឡើងកាលពីមុន តែគិតត្រឹមយប់ថ្ងៃពុធ គ្រប់យ៉ាងគឺត្រូវបានបញ្ចប់ហើយ។
សាមីខ្លួន Harry Kane បានប្រកាសលើបណ្តាញសង្គម ដើម្បីបញ្ចប់មន្ទិលសង្ស័យទាំងអស់របស់អ្នកគាំទ្រថា ខ្លួននឹងមិនចាកចេញនៅរដូវក្តៅនេះទេ ពោលនឹងឈរជើងឲ្យក្លឹប Tottenham Hotspur នៅរដូវកាលថ្មី ២០២១/២២ ជាធម្មតា។
តាមការប្រកាសរបស់កីឡាករអង់គ្លេសរៀបរាប់ថា៖ “វាពិតជាអស្ចារ្យការដែលទទួលបានការស្វាគមន៍ពីអ្នកគាំទ្រ Spurs នៅថ្ងៃអាទិត្យ ហើយការដែលបានអានសារផ្ញើសារគាំទ្រ ដែលខ្ញុំទទួលបាននៅប៉ុន្មានសប្តាហ៍មកនេះ ខ្ញុំនឹងបន្តនៅ Tottenham នៅរដូវក្តៅនេះ ហើយខ្ញុំនឹងផ្តោត ១០០ ភាគរយលើការជួយក្រុមឲ្យទទួលបានជ័យជម្នះ”។
គួររំឭកថា ខ្សែប្រយុទ្ធវ័យ ២៨ ឆ្នាំបានចាយពេលនៅ Spurs សឹងតែមួយអាជីពរបស់ខ្លួន ដោយសរុបការបង្ហាញខ្លួន ៣៣៧ ប្រកួត គេរកបាន ២២១ គ្រាប់និង Assist ៤៧ លើក។ សុពលភាពកុងត្រារបស់គេត្រូវផុតនៅចុងខែមិថុនា ឆ្នាំ ២០២៤៕
ប្រភព៖ AF