ប្អូនប្រុសបង្កើតរបស់ម្ចាស់ក្លឹប PSG គឺព្រះអង្គម្ចាស់ Khalifa bin Hamad Al Thani បានបង្ហោះសារលើ Twitter ពាក់ព័ន្ធនឹងអនាគតរបស់ Kylian Mbappe ដោយថា Real Madrid នៅតែមានឱកាសក្នុងការចរចាលើកចុងក្រោយនៅថ្ងៃសុក្រនេះ ពោលមុនកាលបរិច្ឆេទបិទទីផ្សារដោះដូរនៅថ្ងៃទី ៣១ សីហា។
តាមចចាមអារ៉ាមយើងទទួលបានព្រឹកនេះ ក្លឹបបារាំង PSG បានបដិសេធមិនទទួលយកសំណើថ្លៃខ្លួន ១៦០ លានអឺរ៉ូ ដែលក្លឹបអធិរាជសផ្តល់ឲ្យនោះទេ ដ្បិតអីកុងត្រារបស់កីឡាករបារាំងត្រូវផុតនៅឆ្នាំក្រោយ ២០២២ ក៏ដោយ។
យ៉ាងណាតាមការឲ្យដឹងពីសែស្រឡាយម្ចាស់ក្លឹប PSG ខាងលើ គឺបង្ហើបចំៗថាមកពី Real មិនទាន់ឲ្យតម្លៃដល់អ្វីដែលក្លឹបរបស់ខ្លួនចង់បាន ហើយប្រសិនមិនព្រមក៏ហី រួចបន្តស៊ូប្រើ Gareth Bale ពេញមួយរដូវកាលទៀតទៅចុះ។
លោកសរសេរលើ Twitter បែបនេះថា៖ “ប្រសិនអ្នក [ភាគីក្លឹប Real Madrid] ព្រមនៅតម្លៃកំណត់ ចាំទាក់ទងមកពួកយើង មិនអ៊ីចឹងទេបញ្ចប់រដូវកាលទាំងមូលជាមួយអ្នកវាយកូនហ្គោល [Gareth Bale] តទៅទៀតទៅ”៕
ប្រភព៖ Sportskeeda