នៅប្រកួតបើកឆាកក្របខ័ណ្ឌ Serie A សម្រាប់ក្លឹបសេះបង្កង់ Juventus បានស្មើ ២-២ ទល់ Udinese ហើយថ្មីៗនេះក្លឹបក៏បានប្រកាសពីដំណឹងអាក្រក់មួយ ពាក់ព័ន្ធនឹងកីឡាករដែលបានជួបបញ្ហារបួសក្រោយចប់ការប្រកួតកន្លងទៅ។
នោះគឺខ្សែបម្រើឆ្នើម Aaron Ramsey ដែលបុរសវ័យ ៣០ ឆ្នាំ បានប្តូរចេញពីទីលាននៅនាទី ៥៩ ហើយតាមសេចក្តីថ្លែងការណ៍របស់ក្លឹបបញ្ជាក់មុននេះ ស្ថានភាពរបួសរបស់កីឡាករវែល ដូចជាមិនស្រាលនោះទេ ពោលអាចសម្រាកច្រើនសប្តាហ៍ឯណោះ។
ក្លឹប Juventus បញ្ជាក់៖ “ដោយសារបញ្ហារបួសសាច់ដុំដែលយើងទទួលបាននៅចប់ការប្រកួតទល់ Udinese សម្រាប់ Aaron Ramsey បានឆ្លងកាត់ការពិនិត្យរកឃើញថា មានបញ្ហាត្រង់សាច់ដុំធំនៃភ្លៅខាងស្តាំ ដោយរយៈពេល ១០ ថ្ងៃទៀត គេនឹងទទួលការពិនិត្យវិនិច្ឆ័យម្តងទៀត ទើបអាចកំណត់ពេលវេលាជាសះស្បើយជាក់លាក់”។
តាមការបញ្ជាក់ប៉ុណ្ណេះយើងអាចដឹងបានថា យ៉ាងតូចក៏ ៣ ទៅ ៤ សប្តាហ៍ដែរ សម្រាប់ Ramsey ក្នុងការខកខានពីទីលាន។ គេមិនត្រឹមតែត្រូវផ្អាកការប្រកួតនៅ Juventus ប៉ុណ្ណោះទេ សូម្បីតែជាមួយជម្រើសជាតិវែល ទាំងនៅប្រកួតមិត្តភាពនិងវគ្គជម្រុះ World Cup ក៏ប្រហែលជាត្រូវខកខានផងដែរ៕
ប្រភព៖ Sportskeeda